(ភ្នំពេញ)៖ អ្នកសិល្បៈជាច្រើន បានសម្តែងនូវការមិនពេញចិត្ត ពេញបណ្តាញសង្គម ខណៈឃើញតារាចម្រៀងប្រុស​លោក អាន វិសាល ម្ចាស់បទ «ទឹកភ្នែកខ្ទើយ» ជួបរឿងអយុត្តិធម៌ ដោយគ្មានអ្នកចេញមុខដោះស្រាយ​ឲ្យ ដោយលោកត្រូវបានក្រុមក្មេងស្ទាវមួយក្រុម វាយមួយញញួរចំក្បាល បណ្តាលរងរបួសធ្ងន់។ ងាកមករកសាមីខ្លួនវិញ បែរជានៅសំងំស្ងៀម មិនចង់មានរឿងល្បីសុះសាយវែងឆ្ងាយទេ ទោះលោកជាជនរងគ្រោះក្តី។ តែយ៉ាងណា ក្នុងនោះមានតារាជាច្រើន នាំគ្នាទទូចឲ្យមានការអន្តរាគមន៍ ​ជួយដល់លោក អាន វិសាល។

ជាការពិត លោក អាន វិសាល ត្រូវបានក្រុមក្មេងស្ទាវវាយនឹងញញួរ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីយប់ប្រហែលម៉ោង ១១៖៣​០ នាទី កាលពីថ្ងៃទី​០៧​ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលលោក ជិះម៉ូតូចេញពីច្រៀង នៅហាងមួយកន្លែង។

បើតាមការឲ្យដឹង ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច​ បានចុះទៅដល់ទីតាំង ហើយលោក អាន វិសាល ផ្ទាល់ក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលហើយដែរ។ តែយ៉ាងណា ចំពោះព័ត៌មានក្នុងបណ្តាញសង្គម លោកមិនចង់ឲ្យមានការផ្អើលដល់គេឯងដឹងនោះទេ ព្រោះខ្មាស់គេ និងខ្លាចម្តាយ​នៅឯស្រុកដឹង ធ្វើឲ្យម្តាយពិ​បាកចិត្ត ព្រោះម្តាយលោក​ក៏កំពុងមានជំងឺផងដែរ។

លោក ចាន់ មករា អ្នកផលិតស្ពត និងគូដណ្ដឹងរបស់កញ្ញា ដេននី ក្វាន់ ក្នុងចំណោមសិល្បករជាច្រើនរូបទៀត បានបង្ហោះសារសម្តែងនូវការមិនពេញចិត្តថា «តារាចម្រៀង អាន វិសាល ត្រូវគេវាយក្បាលនឹងញញួរ ម្ចាស់ខ្លួន (អាន វិសាល) បែរជាសុខចិត្ត​សំងំស្ងៀម ព្យាយាមលាក់​ព័ត៌មានទៅវិញ។ តោះជួយ share និង ជួយឈឺឆ្អាល ដើម្បីជួយគាត់ផង។ ទោះបីគាត់មិនចង់ Ann Visal II​»

ការបង្ហោះរបស់សាមីខ្លួន និងលោក ចាន់ មករា ធ្វើឲ្យម្នាក់ៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលម្ចាស់បទ «ទឹកភ្នែកខ្ទើយ» រូបនេះ នៅមិនទាន់ចេញមុខបកស្រាយនៅឡើយ ក្រៅពីឆ្លើយតបអ្នក Comment ថា លោកឈឺក្បាលយ៉ាងខ្លាំង ក្រោយត្រូវវាយបែកក្បាលហូរឈាម។ លោក ចាន់ មករា ក៏បានទទូចឲ្យមានការអន្តរាគមន៍ ជួយដល់លោក អាន វិសាល ដោយលោកអះអាងថា លោក អាន វិសាល ពិតជាគួរឲ្យសង្វេគក្រោយធ្លាក់ប្រជាប្រិយភាព៕