(ក្រុងតូរីន)៖ ក្រុមការពារតំណែងជើងឯក សេះបង្កង់ Juventus បានបន្តលេងមិនចាញ់ក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A រដូវកាលនេះ តាមរយៈយកឈ្នះក្រុមភ្ញៀវ Udinese ៤-១ នាយប់មិញនេះក្នុងសប្តាហ៍ទី២៧ ជើងទី២ ខណៈកីឡាករសំខាន់ Cristiano Ronaldo ត្រូវបានទុកឲ្យសម្រាក ដើម្បីទុកលេង UEFA Champions League ជើងទី២ ទល់នឹង Atletico Madrid។
កីឡាករ Moise Kean រកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី១១ និង៣៩ ពីការចូលលេងបាន ២ប្រកួតផងដែរនៅរដូវកាលនេះឲ្យ Juventus មុនពេលមិត្តរួម Emre Can រកបានគ្រាប់ទី៣ នៅនាទីទី៦៧ ដោយបាល់ប៉េណាល់ទីដែលធ្វើ ឲ្យការប្រកួតមានគម្លាតដាច់គ្នាទាំងស្រុង និងកីឡាករខ្សែបម្រើដែលទើបជួយឲ្យបារាំងឈ្នះជើងឯក World Cup 2018 Matuidi រកបានគ្រាប់ទី៤ នៅនាទីទី៧១។
យ៉ាងណាក៏ដោយ កីឡាករ Lasagna រកបានគ្រាប់វាយបកឲ្យ Udinese គ្រាប់ផងដែរនៅនាទី៨៤ បន្តឈរនៅលេខរៀងទី១៥ ដោយរកបាន ២៥ពិន្ទុដដែល ខណៈ Juventus បន្តឈរនៅកំពូលដាច់ដដែលមានដល់ទៅ ១៩ពិន្ទុ និងក្រុមលេខ២ Napoli រកបាន ៥៦ពិន្ទុ៕