(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា តែងតែធ្វើការជ្រើសរើស និងសម្រិតសម្រាំង រាល់ខ្សែភាពយន្ត ដែលល្អឥតខ្ចោះ ទាំងក្នុង និងក្រៅប្រទេស ដើម្បីយកដាក់បញ្ចាំង ឱ្យមហាជនបានទស្សនា។ សម្រាប់ឆ្នាំ ២០១៩ គឺជាលើកទី៩ហើយ នៃការប្រារព្ធព្រឹត្តិ៍ការណ៍មួយនេះ ដោយមានខ្សែភាពយន្តជាង ១៣០រឿង មកពី៣៧ប្រទេស នៅទូទាំងពិភពលោក នឹងត្រូវលើកយកមកចាក់បញ្ចាំងជូន មហាជនទស្សនាដោយសេរី។
ជាក់ស្តែង ខ្សែភាពយន្តអន្តរជាតិជាច្រើនត្រូវបានជ្រើសរើស និងសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ-កម្ពុជា ចាប់ពីថ្ងៃទី ទី០៩ ដល់ថ្ងៃទី១៤ មីនាខាងមុខនេះ ដោយមានទាំងខ្សែភាពយន្តអន្តរជាតិចម្រុះ ទាំងខ្សែភាពយន្តថ្មី និងចាស់ សុទ្ធតែមានភាពច្នៃប្រតិដ្ឋខ្ពស់ រួមមានខ្សែភាពយន្តរបស់អាមេរិក បារាំង ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឥណ្ឌា ។ល។ អ្វីដែលពិសេស គឺមានការជ្រើសរើសខ្សែភាពយន្ត ដែលមានគុណភាពចំនួន ២០ រឿង ហើយថែមទាំងមានវត្តមានរបស់ផលិតករភាពយន្តមួយចំនួន ដែលនឹងមកចូលរួមសំណេះសំណាលជាមួយនឹងទស្សនិកជនដោយផ្ទាល់ទៀតផង។
តាមប្រភពបានឱ្យដឹងថា កម្មវិធីនេះ គឺតែងតែបង្ហាញជូននូវខ្សែភាពយន្ត ដែលជាំការផលិត និងនិយាយអំពីប្រទេសកម្ពុជាផងដែរ។ «រឿងរ៉ាវនៅកម្ពុជា» រួមមានខ្សែភាពយន្តប្រឌិត ដែលនិយាយអំពីកម្ពុជា។ ក្នុងនោះក៏មានខ្សែភាពយន្តមួយចំនួន នឹងត្រូវចាក់បញ្ចាំង ជាលើកដំបូងបង្អស់ លើទឹកដីប្រទេសកម្ពុជាផងដែរ។ ខ្សែភាពយន្តក្នុងកម្មវិធីទី ១ នេះមានចំនួន០៤ រឿង ដូចជា រឿង «ហ៊្វូណន» (ភាពយន្តជាប់ពានរង្វាន់ ក្នុងមហោស្រពភាពយន្តគំនូរជីវចល ទីក្រុងអានស៊ី ឆ្នាំ ២០១៨), រឿង «តន្ត្រីជីវិត» (មហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ,) រឿង «The Prey» (មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន ឆ្នាំ ២០១៨) និងរឿង «ចងពៀរ» ជាដើម។
លើសពីនេះ គឺមានភាពយន្តប្រឌិត និងភាពយន្តឯកសារ ជាច្រើន ដែលមហោស្រពភាពយន្តអរន្តជាតិកម្ពុជា នឹងធ្វើការចាក់បញ្ចាំងដូចជា ភាពយន្តគំនូរជីវចល ដែលមកពីជុំវិញពិភពលោក ខណៈភាពយន្តគំនូរជីវចលទាំងខ្នាតធំ និងខ្នាតខ្លីទាំងនោះ សម្រាប់កុមារ និងមនុស្សវ័យជំទង់ ដែលសុទ្ធតែឆ្លងការសម្រិតសម្រាំងយ៉ាងល្អបំផុត មុននឹងដាក់បញ្ចូលក្នុងកម្មវិធី គំនូរជីវចលពិភពលោក របស់មហោស្រព។
ក្មេងៗ យុវជន និងក្រុមគ្រួសារ អាចចូលរួមទស្សនាបាននូវភាពយន្តដ៏ច្រើន ដែលមានចាក់បញ្ចាំងនៅតាមរោងភាពយន្ត៩ ក្នុងរាជធានីភ្នំពេញ មានដូចជារោងភាពយន្តលេជេន Exchange Square, រោងភាពយន្តលេជេន អេឌែន, រោងភាពយន្តលេជេន ស៊ីធីម៉ល, រោងភាពយន្តម៉េជ័រស៊ីណេផ្លិច, សុរិយា, រោងភាពយន្តម៉េជ័រស៊ីណេផ្លិច, អ៊ីអន ១, រោងភាពយន្តប្រែមស៊ីណេផ្លិច អេធ្រៀម, មជ្ឈមណ្ឌលបុប្ផាណា (Bophana Center), សាលមហោស្រពចតុមុខ, សណ្ឋាគាររ៉ូសវូដ (Rosewood Phnom Penh) ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ ចំពោះសំបុត្រចូលទស្សនា នឹងចាប់ផ្ដើមចែកជូននៅមុនការបញ្ចាំងរឿងនីមួយៗ រយៈពេល១ម៉ោង នៅតាមបញ្ជរសំបុត្ររបស់មហោស្រព។ សំបុត្រចូលទស្សនាដោយសេរី ប៉ុន្តែសម្រាប់អ្នកដែលមកយឺត ឬមិនចង់តម្រង់ជួរត្រូវទិញសំបុត្រ ក្នុងតម្លៃ៥០០០ រៀល សម្រាប់ការបញ្ចាំងមួយលើក៕