(ភ្នំពេញ)៖ តារាចម្រៀងប្រុសវ័យក្មេងសម្បុរស្រអែមលោក សេង វណ្ណូលី ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រតាមរយៈបទ «កំពង់ស្ពឺបាត់ស្នេហ៍» ស្របពេលដែលទីផ្សាសិល្បៈចាប់ផ្តើមមានស្ទុះ ពេលនេះក៏ស្រាប់តែបញ្ចេញនូវបទចម្រៀង Orginal Song ស្វាគមន៍ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដែលជាចង្វាក់រាំតាលុង។
បទចម្រៀង Orginal Song ដើម្បីត្រៀមអបអរបុណ្យចូលឆ្នាំខ្មែរនេះ គឺមានចំណងជើងថា «ចង្វាក់រាំតាលុងពពែក្រោម» ខណៈបទនេះទើបតែទម្លាយផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ ដើម្បីទាញយកការគាំទ្រពីទស្សនិកជន។ ពិសេសក្នុងគោលបំណងផ្តល់ការរាំសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរផងនោះ។ តារាចម្រៀងលោក សេង វណ្ណូលី បានប្រាប់ឲ្យដឹងថា បទនេះគោលបំណងរបស់លោក គឺធ្វើឡើងដើម្បីផ្តល់ការរាំសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរនាឱកាសចូលឆ្នាំខ្មែរ ។ ខណៈដែលចង្វាក់រាំតាលុងគឺ ជាបទប្រពៃណីខ្មែរ ដែលកន្លងមកពុំសូវមានអ្នកចម្រៀងរូបណា ចាប់អារម្មណ៍ផលិតចេញឡើយ។
តារាប្រុសរូបនេះបានបន្ថែមទៀតថា នេះជាបទចម្រៀងប្រពៃណីខ្មែរ ដែលជាស្នាដៃ Orginal Song ដំបូងរបស់ខ្លួន។ ម្យ៉ាងទៀតនាឱកាសចូលឆ្នាំនេះដែរ លោកក៏បានត្រៀមនឹងចេញចំនួន ៤បទ ប៉ុន្តែដោយសារពេលវេលាធ្វើមិនទាន់ ទើបធ្វើឲ្យមានការយឺតយ៉ាវខ្លះក្នុងការផលិតចម្រៀង ហើយបើនៅមានពេលគ្រាប់គ្រាន់ លោកនឹងខិតខំធ្វើឲ្យទាន់ពិធីចូលឆ្នាំខ្មែរនេះ៕