(ប៉ោយប៉ែត)៖ លើសពី ឱក សុគន្ធកញ្ញា ដែលធ្វើឲ្យកក្រើកពិធីជប់លៀង អមដោយបើកសម្ពោធគម្រោងលក់ចម្ការ មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៧ កុម្ភៈ នៅភ្នំពេញ តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ ឯណោះវិញ គឺរឹតតែធ្វើឲ្យកញ្ជ្រោលព្រឹត្តិការណ៍ដែលមានឈ្មោះថា «ឋានព្រះឥន្ទ» ដែលបានធ្វើនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៧ មីនា នោះទៅទៀត។ គ្រាន់តែមានការប្រកាសថា លោកឡើងឆាកមិនទាន់ទាំងបកស្រាយបទចម្រៀង គឺមានអ្នកគាំទ្រឡោមព័ទ្ធជុំវិញ កកកុញពេញឆាកតែម្ដង។ ​

លោក ព្រាប សុវត្ថិ ដែលត្រូវគេស្គាល់ថា ជាម្ចាស់គម្រោងដីឡូតិ៍មួយរូបដែរ បានអះអាងថា គឺជាដំណឹងល្អខ្លាំងណាស់ ដែលប្រទេសកម្ពុជាមានក្រុមហ៊ុនស្របច្បាប់ ពុះលក់ចម្ការជាហិកតា ហើយថែមទាំងមានសេវាបង់រំលោះ មិនគិតការប្រាក់ និងមានទាំងការមើលថែដំណាំឲ្យផង ដោយមិនបាច់ខ្វល់រឿងដាំដុះខ្លួនឯង។ លោកទទូចឲ្យគាំទ្រគម្រោងមួយនេះ ដើម្បីលើកស្ទួយដល់វិស័យកសិកម្មនៅកម្ពុជា ក៏ដូចជាដើម្បីមានចម្ការ ដែលជាកំណប់ទ្រព្យតកូនតចៅ។ ​លោកបន្តថា ជារឿងសប្បាយចិត្តណាស់ ដែលលោកបានច្រៀងបើកសម្ពោធគម្រោង លក់ចម្ការដូងក្រអូបរបស់ក្រុមហ៊ុននេះ ស្ថិតនៅខេត្តសៀមរាប ដោយកាន់តែសប្បាយ នៅពេលគ្រាន់តែឡើងឆាកភ្លាម ក៍មានម្ចាស់ចម្ការយ៉ាងកុះករ មកគាំទ្រលោកពេញមុខឆាក។

​លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះ «ឋានព្រះឥន្ទ» បានអះអាងថា ក្រោយពីលោកទទួលជោគជ័យក្នុងគម្រោងពុះលក់ចម្ការធុរ៉េន ចម្ការបឺ និងចម្ការដូងក្រអូប នៅខេត្តពោធិសាត់ មណ្ឌលគីរី និងកំពត ពេលនេះក្រុមហ៊ុនរបស់លោកសម្រេចបើកលក់ចម្ការដូងក្រអូប នៅខេត្តសៀមរាប ក្នុងគម្រោងទី៨ទៀតហើយ ដោយធ្វើពិធីសម្ពោធនៅក្រុងប៉ោយប៉ែត ក្រោមវត្តមានអភិបាលក្រុង និងតារាល្បីៗរួមមានលោក ព្រាប សុវត្ថិ នាយពែកមី និងក្រុមកំប្លែងល្បីៗ។

លោកថាគម្រោងនេះ ត្រូវបានប្រកាសលក់ បន្ទាប់ពីក្រុមហ៊ុនប្រមូលទិញដីចម្ការ ពីពលរដ្ឋនៅឃុំស្លែង ស្រុកស្រីស្នំ ខេត្តសៀមរាប បានជាង១ពាន់ហិកតារ ហើយសម្រេចដាំជាចម្ការដូងក្រអូប ស្របតាមសណ្ឋានដី ដើម្បីពុះជាឡូតិ៍លក់វិញ ដោយក្នុងមួយឡូតិ៍មានទំហំ៥០ម៉ែត្រ គុណនឹង២០០ម៉ែត្រ ស្មើនឹងមួយហិកតារ ដោយលក់ក្នុងតម្លៃដី១៤០០០ និងតម្រូវអោយបង់រំលោះ ដោយគ្មានតម្កល់ប្រាក់កក់ ឬ ឯកសារ។ អ្វីដែលសំខាន់គឺក្រុមហ៊ុនធានាផ្ដល់ប្លង់រឹង ពេលបង់រំលោះចប់ និងធានាមើលថែផលដំណាំអោយពេញរយៈពេល៤ឆ្នាំ ដោយក្រោយ៤ឆ្នាំ គឺមើលថែខ្លួនឯង ឬ ម៉ៅផ្លែអោយក្រុមហ៊ុនមើលថែ។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានអះអាងថាគម្រោង ឋានព្រះឥន្ទរបស់ក្រុមហ៊ុន គឺគម្រោងលើកស្ទួយវិស័យកសិកម្មដ៍ល្អមួយ ដែលក្រៅពីជួយអភិវឌ្ឍន៍ ដីស្រែដីចម្ការទុកចោល ឲ្យក្លាយជាតំបន់ពណ៌បៃតង និងជាតំបន់ទេសចរណ៍ ក៏ជាគម្រោងដែលជួយឲ្យពលរដ្ឋទទួលបាននូវកំណប់ទ្រព្យតកូនតចៅផងដែរ។

លោករំពឹងថា អ្នកចូលចិត្តវិនិយោគលើគម្រោងដីឡូតិ៍តូចៗ នឹងចាប់អារម្មណ៍ មកវិនិយោគលើគម្រោងដីចម្ការធំៗបែបនេះវិញ ដោយសារគម្រោងមួយនេះ មានការទទួលស្គាល់ច្បាស់លាស់ពីរដ្ឋាភិបាល ហើយមិនមែនជាដីសម្បទាន ឬដីជួល ដែលបារម្ភពីការបង់ដាច់ហើយមិនបានដីនោះឡើយ៕