(ភ្នំពេញ)៖ គូស្នេហ៍ស្ថិតក្នុងរង្វង់សិល្បៈដូចគ្នា គឺកញ្ញា កុល ដាវី និងលោក សុខ រក្សា ត្រូវបានមហាជនបានដឹងឮ គ្រប់គ្នាហើយថា គិតមកទល់ពេលនេះ អ្នកទាំងពីរបានភ្ជាប់ទំនាក់ទំនងស្នេហា ផ្អែមល្ហែមជាមួយគ្នា មានរយៈពេលយូរឆ្នាំមកហើយ និងឈានដល់ថ្ងៃមង្គលការនៅថ្ងៃស្អែកនេះ។ ប៉ុន្តែអ្វីដែលពួកគេទាំងពីចងចាំមិនភ្លេច ក្នុងជីវិតអាពាហ៍ពិពាហ៍នោះ គឺការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺសម្ដេចទាំងទ្វេរ ដោយពួកគេបានសម្ដែងក្ដីរីករាយ ឥតឧបមា រំភើបអរស្ទើរហោះ នៅពេលរំឭកដល់ការសណ្ដោសប្រណី របស់សម្ដេចទាំងពីរ ដែលបានចងដៃពួកគេ ចំនួន៥ពាន់ដុល្លារ មុនថ្ងៃមង្គលការមកដល់។
ជាការពិត ស្របដែលជិតដល់ថ្ងៃចូលរោងការ តារាប្រុស-ស្រី កញ្ញា កុល ដាវី និងលោក សុខ រក្សា បានបង្ហាញពីក្តីរំភើប និងរីករាយខ្លាំងស្ទើររកអ្វីនិយាយពុំបាន ពោល គឺអ្នកទាំងពីរទទួលបាននូវចំណងដៃ មុនថ្ងៃអាពាហ៍ពិពាហ៍មកដល់ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវទឹកប្រាក់ចំនួន៥ពាន់ដុល្លារ រហូតធ្វើឲ្យពួកគេសប្បាយចិត្ត ញញឹមបិទមាត់មិនជិតឡើយ។
តារាសម្ដែងច្រើនតែទទួលបានតួឆ្នាស់ឆ្នើម និងកំពុងជិតក្លាយជាកូនក្រមុំពេញច្បាប់ កញ្ញា កុល ដាវី បានបញ្ជាក់ថា «យើងខ្ញុំទាំងពីរនាក់ពិតជារំភើបចិត្តខ្លាំងណាស់ រកអ្វីនិយាយប្រៀបផ្ទឹមពុំបានឡើយ លើកទី២ហើយដែលសម្តេចមីង លោកបានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំ។ ពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលសម្តេចមីង និងសម្តេចពូ លោកទាំងពីរ បានចងដៃយើងខ្ញុំទាំងពីរ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ចំនួន៥០០០ដុល្លារ នៅថ្ងៃ១៤កុម្ភៈ ចំថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់….»។
តាមរយៈការបង្ហើបរបស់ កុល ដាវី ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ នាងបានបន្ថែមថា «យើងខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរសម្តេចទាំងពីរ មានសុខភាពល្អ មាំមួន និង មានសុភមង្គលក្នុងក្រុមគ្រួសារ ជាម្លប់ដល់កូន កូនចៅ ជាពិសេស ដើម្បីដឹកនាំនាវាកម្ពុជា ឈានទៅរកភាពរីកចំរើន និងសុខសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីយើងខ្ញុំទាំងពីរ»។
សូមបញ្ជាក់ថា បើតាមការឲ្យដឹងពីតារាស្រី កញ្ញា កុល ដាវី នាពេលកន្លងមក ពិធីមង្គលការរវាងនាង និងលោក សុខ រក្សា និងប្រព្រឹត្តិទៅ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ពោលគឺធ្វើឡើង ចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ហើយភ្ញៀវដែលត្រូវបានអញ្ជើញ មានចំនួនជាង៥០តុ ដោយក្នុងនោះមានអ្នកសិល្បៈចំនួន២៥តុ ខណៈកន្លែងទទួលភ្ញៀវ គឺធ្វើឡើងនៅអគារ C កោះពេជ្រ៕