(ភ្នំពេញ)៖ អ្នកនិពន្ធចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ហ៊ាន ម៉េងហួរ បានចេញមុខសុំទោសជាសាធារណៈ ចំពោះកំហុសដ៏ធំរបស់ខ្លួន ដែលបានចំឡងបទមរតកដើម មកឲ្យ នាយចឺម ច្រៀង ថែមទាំងកែទំនុកច្រៀងថ្មី ធ្វើឲ្យបាត់តម្លៃស្នាដៃ និងប្រភពដើមទៀតផង។ បន្ទាប់ពីមហាជន និងក្រុមគ្រួសាររបស់កវីនិពន្ធឆ្នើម គង្គ ប៊ុនឈឿន សម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងរួចមក និងត្រៀមឯកសារព្រមានប្ដឹងរួចមក នៅពេលនេះ ខាងផលិតកម្មសាន់ដេ ដែលតំណាងដោយលោក ហ៊ាន ម៉េងហួរ បានចេញមុខមកទទួលកំហុស ដោយលុបចម្រៀងកែថ្មីនេះចោល ពីផេកហ្វេសប៊ុក និងយូធូបរបស់ខ្លួនតែម្តង។
ជាការពិត មួយរយៈចុងក្រោយនេះ មានការរិះគន់ ក៏ដូចជាការមិនពេញចិត្តជាខ្លាំង ពីសំណាក់មហាជនទូទៅ ចំពោះផលិតកម្មសាន់ដេ ក្រោយបញ្ចេញនូវបទ «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ច្រៀងដោយ នាយ ចឺម ខណៈបទនេះ ត្រូវបានគេមើលឃើញថា បានចំឡងបទមរតកដើម «នឹកភូមិភ្នំធំ» មកច្រៀង និងកែទំនុងច្រៀងថ្មី ធ្វើឲ្យបាត់បង់ប្រភពដើម។ សកម្មភាពបែបនេះ បានផ្ទុះនូវការចម្រូងចម្រាសជាខ្លាំង ចំពោះទស្សនិកជន និងទទូចឲ្យខាងផលិតកម្មបកស្រាយ ឬលុបបទនេះចោលតែម្តង ខណៈក្រុមគ្រួសារ កវីនិពន្ធឆ្នើម គង្គ ប៊ុនឈឿន ក៏មិនពេញចិត្តដែរ ដល់ថ្នាក់រៀបចំឯកសារបំរុងដាក់ពាក្យទៅតុលាការទៀតផង លើករណីអ្នកនិពន្ធ សាន់ដេ ចំឡងស្នាដៃមរកតដើមរបស់ខ្លួន យកទៅកែបែបនេះ។
ជាមួយគ្នានេះ លោក ហ៊ាន ម៉េងហួរ ដែលជាអ្នកនិពន្ធចម្រៀង «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» បានចេញវីដេអូមួយ ដើម្បីសុំទោសជាសាធារណៈ ចំពោះកំហុសរបស់ឆ្គងរបស់ខ្លួន ដោយនិយាយមានខ្លឹមសារថា លោកចេញវីដេអូនេះ ដើម្បីសុំទោសជាសាធារណៈចំពោះសាធារណៈជន ជាពិសេសសុំទោសដល់វិញ្ញាណក្ខន្ធ កវីនិពន្ធឆ្នើម គង្គ ប៊ុនឈឿន និងក្រុមគ្រួសារ ដែលខ្លួនបានយកចម្រៀងមរតកដើម ដែលមានចំណងជើងថា «នឹកភូមិភ្នំធំ» ឬ «ថ្ងៃដែលអូនចុកឈាម» មកកែប៉ារ៉ូល ដោយសារតែលោកនៅក្មេងវ័យមិនបានគិតវ័យឆ្ងាយ។
លោកបន្តថា បន្ទាប់ពីបទនេះ បានបង្ហោះភ្លាម ធ្វើឲ្យក្រុមគ្រួសារលោក គង្គ ប៊ុនឈឿន និងទស្សនិកជនមិនសប្បាយចិត្ត ដូច្នេះខាងក្រុមហ៊ុនក៏សម្រេចលុបបទ «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ចោលពីផេកផ្លូវការរបស់ក្រុមហ៊ុន និងធូយូប ស្របទៅនឹងការស្នើសុំរបស់ប្រធានសមគមន៍សិល្បៈ។
សូមជម្រាបថា បទ «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ចម្រៀងដោយនាយ ចឺម ពេលនេះ បានលុយចោលពីផេករបស់សាន់ដេ និងយូធូបជាផ្លូវការហើយ ដើម្បីបញ្ចប់នូវភាពចម្រូងចម្រាសនានា និងដើម្បីរក្សានូវទម្រង់សិល្បៈមកតកដើម ឲ្យបានគង់វង្សឡើងវិញ៕