(កូរ៉េ)៖ នៅថ្ងៃនេះ អតីតតារាចម្រៀងស្រីក្រុម 2NE1 ដ៏ល្បី Park Bom បានចេញផ្សាយរូបភាពថ្មីនៃអាល់ប៊ុមទោលដំបូងរបស់នាង ហើយបន្ទាប់ពីខកខានជាច្រើនឆ្នាំក្រោយរំសាយក្រុមមក។

អស់រយៈពេល៨ឆ្នាំហើយដែល Park Bom មិនបានចេញបទចម្រៀងថ្មីរបស់ខ្លួន ប៉ុន្តែនៅថ្ងៃទី៥ ខែមីនានេះ នាងបានបង្ហោះរូបភាពដំបូងនៅលើ Instagram ដើម្បីបង្ហាញឲ្យគ្រប់គ្នាបានដឹង ពីការត្រៀមចេញអាល់ប៊ុមថ្មីរបស់នាងនាពេលឆាប់ៗនេះ។

អតីតសមាជិក 2NE1 រូបនេះសឹងតែមិនជឿថា នាងអាចធ្វើវាបាន ប៉ុន្តែទីបំផុតអាល់ប៊ុមទោលរបស់នាងកំពុងតែត្រៀមចេញនៅលើទីផ្សារហើយ។ Park Bom បានឲ្យដឹងថា អាល់ប៊ុមថ្មីនេះឥឡូវអ្នកគាំទ្រអាចបញ្ជាទិញទុកបានតាមរយៈ Yes24, Hottracks, Interpark, Aladin និង Bandi និង Luni's ។

អាល់ប៊ុម «Spring» នឹងចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ជាបទចម្រៀងទោលដំបូងរបស់ Park Bom បន្ទាប់ពី «Do not Cry» ដែលបាន​ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១១ ហើយថ្មីៗនេះ Sandara Park ក៏បានបញ្ចេញរូបភាពអាល់ប៊ុមថ្មីនេះដែរ ដើម្បីជាការអបអរដល់អតីតមិត្តរួមក្រុម៕