(ឡូសអែងចេឡេស)៖ ក្លឹបបាល់ទាត់ LA Galaxy បានដាក់តាំងរូបសំណាករបស់អតីតកីឡាករនិម្មិតរូបរបស់ពួកគេ David Beckham នៅពីមុខកីឡដ្ឋានផ្ទាល់របស់ពួកគេ មុនចាប់ផ្តើមលីគកំពូលអាមេរិក Major League Soccer រដូវកាលឆ្នាំ២០១៩ ក្នុងសប្តាហ៍នេះ។

ការសាងសង់រូបសំណាកនេះឡើង (Statue) ក្នុងគោលបំណងដឹងគុណចំពោះអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យ៤៣ឆ្នាំ Beckham ដែលរួមចំណែងជួយក្លឹប LA Galaxy ឈ្នះជើងឯកលីគកំពូលអាមេរិក MLS ២សម័យកាល ក្នុងរយៈពេល ៥ឆ្នាំនៅទីក្រុង Los Angeles គិតចាប់តាំងពីឆ្នាំ២០០៧មក។

វាក៏ជារូបសំណាកទី១ផងដែរ ក្នុងចំណោមក្លឹបអាជីពទាំងឡាយដែលលេងនៅ MLS របស់អាមេរិកមកដល់បច្ចុប្បន្ន។

ក្នុងពិធីបើកសម្ពោធដែលបានធ្វើឡើងនៅឯកីឡដ្ឋាន Dignity Health Sports Park នោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់សាមីខ្លួនផ្ទាល់ និងភរិយា David Beckham, អតីតមិត្តរួមក្រុម Robbie Keane និងនិម្មិតរូបកីឡាបាល់បោះ NBA, Kobe Bryant ទៀតផង៕