(ភ្នំពេញ)៖ ទស្សនិកជន និងអ្នករស់ក្នុងរង្វង់សិល្បៈ បានសម្តែងនូវការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយប្រទះឃើញរូបភាពប៉ុន្មានសន្លឹក បង្ហាញពីតារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា សម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រឡាញ់ ទាំងមិនទាន់រៀបការតាមប្រពៃណីនៅឡើយ។ ទោះបីជាយ៉ាងណាក្តី តែគ្រប់គ្នា បានសម្តែងនូវការសាទរ និងរីករាយជាខ្លាំង ដែលតារាស្រីរូបនេះ សម្រាលកូនដោយជោគជ័យ និងមានសុខភាពល្អទាំងម្តាយ និងកូន។
បើតាមប្រភពបានឲ្យដឹងថា តារាសម្តែង ឡោម លក្ខិណា មិនធ្លាប់បង្ហើបប្រាប់ទស្សនិកជន ឬអ្នកសិល្បៈដូចគ្នា ឲ្យដឹងពីគម្រោងរៀបការនោះទេ គឺដឹងត្រឹមថា នាង មានគូសង្សាបណ្តូលចិត្តរួចហើយ ជាអ្នករាំច្រៀងឲ្យផលិតកម្មរៃមាស តោមាស និងផលិតកម្មបុប្ជា ឈ្មោះ ប៉ា ពិសិដ្ឋ។ តារាប្រុសស្រីទាំងពីរ បានសាងជីវិតស្នេហាជាមួយគ្នា ដោយមិនទាន់គិតគូរពីរឿងរៀបការនោះទេ ដោយទុកពេលវេលារកលុយឲ្យបានច្រើនជាមុនសិន។ ប្រភពបន្តថា សម្រាប់ការមានបុត្រនេះ អ្នកទាំងពីរសម្រេចចិត្តយក ដោយក្តីរីករាយ និងមានការសាទរពីក្រុមគ្រួសារទៀតផង ដោយគិតថាមិនចាំបាច់ទាល់ការរៀបការហើយ ទើបមានបុត្របាននោះទេ។
ពាក់ព័ន្ធនឹងការ លាតត្រដាងជីវិតឯកជន តាមរយៈការសម្រាលបានបុត្រាម្នាក់ បង្ហោះក្នុងបណ្តាញសង្គមឲ្យគ្រប់គ្នាបានដឹងនៅពេលនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះស្ងាត់ៗមិនទាន់រៀបការ ស្រាប់សម្រាលបុត្រទៅវិញ។ ក្នុងនោះផងដែរ មហាជនសង្កេតឃើញថា ឡោម លក្ខិណា ទទួលបានភាពកក់ក្តៅ និងសុភមង្គលយ៉ាងខ្លាំង ពីក្រុមគ្រួសារ និងស្វាមី ដោយក្នុងនោះ ឃើញថាស្វាមីនិងនាង និយាយពាក្យថា «ប៉ាម៉ាក់» ពេញៗមាត់តែម្តង។
បន្ទាប់ពីគ្រប់គ្នាសម្តែងការភ្ញាក់ផ្អើល មហាជន និងអ្នកសិល្បៈសុទ្ធតែជូនពរនាងគ្រប់ៗគ្នា ឲ្យម្តាយ និងទារកទទួលបានសុខភាពល្អ និងមានសុភមង្គលក្នុងគ្រួសាររហូត ហើយក្នុងនោះ ក៏មានអ្នកចង់ដឹងផងដែរ ថាតើ ឡោម លក្ខិណា គិតគូរៀបការនៅពេលណា?