(ភ្នំពេញ)៖ ទស្សនិកជននៅចាំមិនភ្លេចទេ បើរំឮកដល់ឈ្មោះ សម ម៉ាណា ព្រោះនាង គឺជាតារាសម្តែង និងជាតារាចម្រៀងស្រីមួយដួង ដែលមានភាពលេចធ្លោរ និងល្បីល្បាញខ្លាំង កាលពីជាង ៥ឆ្នាំមុន ហើយក៏បានបាត់វត្តមានឈឹងតែម្តង ដោយមិនឃើញក្នុងការងារសិល្បៈ ខណៈទៅរស់នៅយ៉ាងស្ងប់ស្ងាត់ប្រកបដោយជីវភពធូរធារ។ រហូតមកទល់នឹងដើមឆ្នាំ២០១៩នេះ ទស្សនិកជនបានសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ពេលឃើញតារាស្រីដួងនេះ បង្ហាញវត្តមានជាថ្មីឡើងវិញ តាមរយៈចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍មួយ។
ជាក់ស្តែង ជាមួយនឹងការវិលត្រឡប់ មកប្រឡូកខ្លួនក្នុងសង្គមសិល្បៈ តាមរយៈចូលរួមក្នុងកម្មវិធីខាងលើនេះ គេមិនទាន់ដឹងនោះទេថា នាងមានបំណងចូលសិល្បៈវិញ ឬយ៉ាងណា ហើយបើនាងបានសម្រេចចិត្តចូលសិល្បៈវិញ មហាជនក៏មិនទាន់ដឹងនោះដែរថា តើប្រជាប្រិយភាពរស់នាង មានការកើនឡើង មានទីផ្សារ ដូចកាលពីជាង ៥ឆ្នាំមុនឬយ៉ាងណានោះទេ។ អ្វីដែលមហាជនធ្វើការកត់សម្គាល់ គឺត្រឹមដឹងថា ការវិលមកចូលសិល្បៈលើកនេះ នាងត្រូវបានតារាប្រុសស្រីជាច្រើន ទទួលស្វាគមណ៍យ៉ាងយកចិត្តទុកដាក់ផងដែរ។ ក្នុងនោះនាងត្រូវបានលោក យ៉ែម សំអូន ប្រធានក្រុម តារា Entertainment ផ្តល់ឱកាសឱ្យចូលក្នុងក្រុមចម្រៀងរបស់លោកទៀតផង ខណៈនេះប្រៀបបានជាផ្នែកមួយ ជួយឱ្យនាងមានមុខមាត់ និតមានទីផ្សារសិល្បៈឡើងវិញ ក្រោយបាត់មុខរយៈពេល ៥ឆ្នាំ។
បើយោងតាមការបង្ហើបឱ្យដឹង ពីសំណាក់មិត្តភ័ក្រស្និតស្នាលនឹង សម ម៉ាណា បានប្រាប់ Fresh News និង Khmer Talking ថា មូលហេតុ ដែលនាងចាកចេញពីសិល្បៈកាលពីមួយរយៈធំមុន គឺដោយសារគូស្នេហ៍មានការប្រចណ្ឌខ្លាំងពេក មិនយកពីនាងជាអ្នកសិល្បៈ ជាពិសេសមិនចង់ឱ្យហត់នឿយក្នុងការងារនេះ ហើយក៏សម្រេចចិត្តផ្អាក់ពីសិល្បៈតែម្តង។ យ៉ាងណាមិញ ថ្មីៗនេះ សម ម៉ាណា ក៏ស្រាប់តែបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយ នៅក្នុងទូរទស្សន៍ ដោយមិនដឹងមូលហេតុ ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅវិញ។
ទោះមានការបង្ហើបប្រាប់ពីប្រភពបែបនេះក្តី តែ សម ម៉ាណា មិនទាន់បានចេញមុខបញ្ជាក់ប្រាប់ទស្សនិកជន ពីមូលហេតុ ដែលនាងសម្រេចិត្តចូលសិល្បៈវិញនៅឡើយទេ ហើយអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ជាងនេះនោះ គឺនាងទើបតែទទួលបានកាដូជារថយន្តឡិចស៊ីសពណ៌ខ្មៅស៊េរីទំនើបមួយគ្រឿង ក្នុងថ្ងៃខួបកំណើត ដែលមានតម្លៃរាប់ម៉ឺនដុល្លារ៕