(ភ្នំពេញ)៖ ជាក់ស្តែង តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» គូស្នេហ៍ស្រស់សង្ហា របស់តារាចម្រៀងស្រី សួស វីហ្សា គឺលោក ថមមី បានបង្ហាញប្រាប់ទស្សនិជនជាច្រើន ពីការផ្តើមស្នេហ៍ដំបូងជាមួយ សួស វីហ្សា ក៏ដូចជាគន្លិះនានា ក្នុងការកាន់ដៃគ្នាសាងជីវិតស្នេហា ប្រកបដោយភាពជឿជាក់លើគ្នា និងអាចឈានដល់ថ្ងៃរៀបការ។ ក្នុងនោះលោក ថមមី បានបរិយាយនូវពាក្យពេចន៍ជាច្រើន ក្នុងអត្ថន័យ មានជំនឿទុកចិត្ត និងស្រឡាញ់ យកចិត្តទុកដាក់លើគ្នាយ៉ាងខ្លាំង រវាងលោក និងសួស វីហ្សា។ ទោះទំនាក់ទំនងនេះ កាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃក្តី តែលោក ថមមី បានបញ្ជាក់ថា មិនទាន់កំណត់ថ្ងៃរៀបការទេ គ្រាន់តែមានគម្រោង ព្រោះបច្ចុប្បន្នអ្នកទាំងពីរ កំពុងមមាញឹកនឹងការងារសិល្បៈរៀងៗខ្លួន។
លោក ថមមី បាននិយាយប្រាប់ដល់ទស្សនិកជនយ៉ាងដូច្នេះថា លោកមានអារម្មណ៍ធូរស្រាល ក្នុងចិត្តជាងមុន ព្រោះបានបង្ហាញពីមនុស្សជាទីស្រឡាញ់ និងទំនាក់ទំនងស្នេហ៍ ទៅដល់មហាជនបានដឹង ខណៈមុនដំបូងគិតដែរ ប្រសិនបើបង្ហាញទំនាក់ទំនង ទៅដល់មហាជនគ្រប់គ្នា ក្លាយបាត់បង់ប្រជាប្រិយភាព។ យ៉ាងណាមិញ ថមមី និងសួស វីហ្សា បានសម្រេចចិត្តច្បាស់ បានបង្ហាញដល់មហាជនថា អ្នកទាំងពីរស្រឡាញ់គ្នា ដោយមិនខ្វល់រឿងគ្មានទស្សនិកជនគាំទ្រ សំខាន់អ្នកទាំងពីរស្រឡាញ់គ្នាបេះដូងមួយនិងមួយ។ ផ្ទុយទៅវិញ ក្រោយបង្ហាញពីទំនាក់ទំនងបែបនេះ នៅតែមានទស្សនិកជនគាំទ្រច្រើន ហើយលោក ថមមី ក៏អគុណដល់ទស្សនិកជន ដែលគាំទ្ររូបលោក និង សួស វីហ្សា ហើយលោកក៏បានសំណូមពរឲ្យទស្សនិកជន បន្តជួយគាំទ្រតទៅទៀត។
លោកថា ទំរាំតែបង្ហាញប្រាប់ដល់ទស្សនិកជនឲ្យបានដឹងរឿងនេះ គឺពួកគេបានទាក់ទងគ្នាជិត៥ឆ្នាំហើយ និងបានសិក្សាស្វែងយល់ចិត្តគ្នារួចរាល់អស់ដែរ មុននឹងឈានដល់ ការបង្ហាញបែបនេះ។ លោកថា កញ្ញា សួស វីហ្សា គឺជាមនុស្សស្រីម្នាក់ ដែលស្លូតបូតសុភាពរៀបការ និងម៉ឺងម៉ាត់គ្រប់ការងារ។ អ្វីដែលពិសេស គឺនាងផ្តល់តម្លៃដល់មនុស្ស ដែលខ្លួនស្រឡាញ់ ដូចជាផ្តល់តម្លៃដល់ក្រុមគ្រួសារ និងរូបលោក ជាគូស្នេហ៍ជាដើម។ ក្រោយយល់ចិត្តគ្នាបែបនេះ ហើយរឹតតែធ្វើឲ្យទំនាក់ទំនងស្នេហារបស់លោក និងនាង កាន់តែស្និទ្ធស្នាល និងផ្អែមល្ហែមបន្ថែមទៀត។
លោក ថមមី បានសង្កត់ធ្ងន់ថា ធម្មតាមនុស្សពីរនាក់ស្រឡាញ់គ្នា តែងតែមានគម្រោងចង់រៀបការ សាងជីវិតគ្រួសារជាមួយគ្នា ហើយរឿងនេះ ក៏ស្ថិតក្នុងគម្រោងរបស់លោក និងគូស្នេហ៍ដែរ តែសំខាន់ពេលនេះលោក និងសួស វីហ្សា កំពុងតែមមាញឹកនឹងការងារសិល្បៈ ខណៈរៀបការថ្ងៃណានោះ មិនទាន់កំណត់ថ្ងៃខែឆ្នាំនោះឡើយ។ និយាយដល់ចំណុចនេះ លោកថា បើទោះបីជាលោក និង សួស វីហ្សា រៀបការហើយក្តី ក៏មិនចោលការងារសិល្បៈដែរ ព្រោះតែការងារនេះហើយទើបលោកស្គាល់គ្នា និងមានមុខមាត់ដល់សព្វថ្ងៃ។
គួរជម្រាបថា លោក ថមមី គឺជាតារាប្រុសមួយដួង កំពុងតែមានទីផ្សារសិល្បៈគួរសម ខណៈក្រៅពីសម្តែងភាពយន្ត បច្ចុប្បន្នលោកកំពុងកាន់កម្មវិធីកំសាន្តពីរ ក្នុងនាមជាពិធីករ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។
ដើម្បីឲ្យជ្រាប់កាន់តែច្បាស់ថា ថមមី និយាយអ្វីបន្ថែមពីនេះ សូមទស្សនាវីដេអូខាងក្រោម៖