(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ធ្ងន់ៗ ពីសំណាក់ទស្សនិកជន ទៅលើបទចម្រៀងមួយបទរបស់ នាយ ចឺម ដែលមានចំណងជើងថា «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ពេញបណ្ដាញសង្គមរួចមក ក្នុងនោះគេសង្កេតឃើញ អ្នកធ្វើភ្លេងបទចម្រៀងមួយបទនេះផ្ទាល់ គឺលោក ផែន បូទី ដែលជាអ្នកនិពន្ធបទភ្លេងមួយរូប នៅក្នុងផលិតកម្ម សាន់ដេ ហាក់មិនមានការអាក់អន់ស្រពន់ចិត្តអ្វីឡើយ ចំពោះទស្សនិកជន។ តែលោកបែរជាបង្ហាញអារម្មណ៍អន់ចិត្ត និងឈឺចាប់ស្អិតទ្រូង ដល់អ្នកធ្វើភ្លេងដូចគ្នា ដែលបានចំអកឡកឡឺយដល់រូបលោក នៅពេលធ្វើបទចម្រៀងនេះឡើង។
យោងតាមហ្វេសប៊ុក របស់អ្នកធ្វើភ្លេងរបស់សាន់ដេ រូបនេះ បានសរសេរសាររៀបរាប់ថា «ឈឺមធ្យម..ងុំអ្នកភ្លេងគ្នាឯងចំអក! ក្នុងនាមជាអ្នកភ្លេងដូចគ្នា មិនគួរយកការច្រណែនដែលខ្ញុំ ធ្វើបទល្បីច្រើនជាង ស្របពេលខ្លួនមិនមានបទអ្វីល្បីសោះនោះ! សូមទោស បងៗអ្នកភ្លេងរៀមច្បងដ៏ល្អលើលោក ខ្ញុំធ្វើបទបែបនេះឲ្យ ចឺម ល្បីច្រើនមកហើយ តែយ៉ាងហោចណាស់ ក៏គ្រាន់បើជាងអ្នកភ្លេងខ្លះ លួចបទរបស់គេ(ខ្ញុំ)យកទៅច្រៀង ធ្វើជារបស់ខ្លួនធ្វើព្រងើយនោះដែរ»។
គួរជម្រាបថា បទចម្រៀង «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ដែលជាកបកស្រាយដោយតារាចម្រៀង នាយ ចឺម ជាបទលំនាំដើម របស់កវីនិពន្ធ ម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ដែលជាសំនៀមដើមដោយលោកស្រី រស់ សេរីសុទ្ធ មានចំណងជើងថា «ថ្ងៃដែលអូនចុកឈាម ឬ នឹកភូមិភ្នំធំ»។ ដោយឡែកបទថ្មីមួយបទនេះ របស់នាយចឺម ត្រូវបានមហាជនរិះគន់ធ្ងន់ៗ ព្រោះតែបានកែទំនុកច្រៀង និងបានដាក់ថានិពន្ធបទភ្លេងថ្មី ជាហេតុធ្វើឲ្យទស្សនិកជន បញ្ចេញមតិរិះគន់ ទៅលើតារាចម្រៀងរូបនេះ យ៉ាងចាស់ដៃតែម្ដង ៕