(ភ្នំពេញ)៖ ផលិតករដឹកនាំសម្ដែង ខ្សែភាពយន្តភាគទ្រង់ទ្រាយធំលើកដំបូង លោក ហ៊ិន អឿន បានអះអាងថា ក្នុងចំណោមភាពយន្តភាគជាច្រើន ដែលលោកដឹកនាំ និងបានដាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍នានា មានការគាំទ្រ និងជោគជ័យហើយនោះ ភាពយន្តភាគខ្នាតធំមួយទៀត ដែលជាស្នាដៃថ្មី មានចំណងជើងថា «ផ្កាយមារ» ដែលកំពុងត្រៀមដាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ CTN ខាងមុខនេះ នឹងមានសន្ទុះនៃការគាំទ្រខ្លាំង លើសពីការរំពឹងទុក ព្រោះតែភាពយន្តទាំងមូល ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុត និងចំណាយទុនខ្ពស់ទៀតផង។
វិវឌ្ឍន៍ខ្លួនពីតារាសម្ដែង មកក្លាយជាអ្នកដឹកនាំសម្ដែងភាពយន្ត អស់រយៈពេលជាច្រើនឆ្នាំ លោក ហ៊ិន អឿន បានប្រាប់ Fresh News និង Khmer Talking ឲ្យដឹងថា លោកបានប្រឡូក ក្នុងអាជីពជាអ្នកដឹកនាំសម្ដែងរឿង អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោកក៏ធ្លាប់បានសម្ដែងដោយខ្លួនឯងមកដែរ។ ភាពយន្តភាគដែលលោកធ្លាប់ដឹកនាំសម្ដែង ហើយទទួលបានការគាំទ្រ និងជោគជ័យ មានដូចជារឿង «ភក្ដីស្នេហ៍ឆ្លងភព», រឿង «កន្ទោងខៀវ», រឿង«កំហឹងអ្នកស្រុក», រឿង «ចិត្តស្អប់បង្កប់ស្នេហ៍» និងរឿងជាច្រើនទៀត មិនក្រោម១០រឿងនោះទេ ដែលបានដាក់បញ្ចាំង តាមស្ថានីយទូរទស្សន៍នានា។
ដោយឡែកសម្រាប់ភាពយន្តរឿង «ផ្កាយមារ» ដែលជាស្នាដៃដឹកនាំសម្ដែងរបស់លោក និងកំពុងតែត្រៀមបញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ CTN ខាងមុខនេះ លោករំពឹងយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រខ្លាំង ខណៈដែលទាំងតួសម្ដែង ទីតាំងថត បច្ចេកទេស កាមេរ៉ា និងការៀបចំប្លង់ផ្សេងៗ គឺត្រូវបានសម្រិតសម្រាំងឡើង យ៉ាងពិសេសបំផុត ពោលគឺមានប្លង់ខ្លះមានតារាសម្ដែង និងអ្នកថតទាំងអស់ រហូតដល់ទៅ១០០នាក់ក៏មានដែរ។ លោកបន្តថា តាំងពីលោកចេះដឹកនាំសម្ដែងរឿងមក គឺមានតែរឿង «ផ្កាយមារ» មួយនេះទេ ដែលបានចំណាយទុនផលិតអស់ច្រើនជាងគេ មានប្លង់ធំៗ ព្រោះដើម្បីឲ្យភាពយន្តភាគមួយនេះ មានគុណភាពល្អ ឆ្លើយតបតាមការចង់បានរបស់មហាជន អ្នកទស្សនា។
អ្នកដឹកនាំសម្ដែង លោក ហ៊ិន អឿន បានបន្តឲ្យដឹងទៀតថា ភាពយន្តភាគរឿង «ផ្កាយមារ» ត្រូវបានលោកជ្រើសរើសតួសម្ដែងល្បីៗ ដើម្បីឲ្យស័ក្តិសមនឹងសាច់រឿងទាំងមូល ក្នុងនោះមានដូចជាលោក ទេព រិន្ទដារ៉ូ, តួឯកប្រុសលោក ញ៉ែម សុគន្ធ, តួឯកស្រី កញ្ញា ម៉ាក សែនសូនីតា, នាង មាស សម្ផស្ស និងតារាល្បីៗប្រុសស្រីជាច្រើនដួងទៀត។ រឿងភាគនេះ ជាប្រភេទរឿងបែបបុរាណ ឆ្លុះបញ្ចាំងពីការតស៊ូក្នុងជីវិត ស្នេហាស្មោះ ការជ្រៀតជ្រែងឈ្នានីសគ្នា និងការលះបង់ខ្ពស់ចំពោះស្នេហា រហូតទទួលបានជោគជ័យ របស់តួអង្គទាំងពីរ។
សូមបញ្ជាក់ថា ភាពយន្តភាគរឿង «ផ្កាយមារ» នឹងធ្វើការដាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ CTN នៅដើមខែមីនា ឆ្នាំ២០១៩នេះ ចាប់តាំងពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង៧៖០០នាទីយប់ ដល់ម៉ោង៨៖០០នាទីយប់ បន្ទាប់ពីបានបើកសម្ពោធ កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅរោងភាពយន្ត Eden Garden បឹងកក់ រួចមក៕