(ភ្នំពេញ)៖ អតីតតារាចម្រៀង និង តារាសម្ដែងដ៏មានប្រជាប្រិយភាព គឺអ្នកនាងគីម លីហ្សា បានសម្រេចចិត្ត ចាកចេញពីវិស័យសិល្បៈ ដើម្បីទៅរៀបការ សាងគ្រួសារជាមួយស្វាមី យ៉ាងកក់ក្ដៅ នៅលើទឹកដីប្រទេសអូស្ត្រាលី ខណៈបច្ចុប្បន្ននាងទទួលបានចំណងដៃ កូនប្រុសម្នាក់ដ៏គួរឲ្យស្រឡាញ់។ ប៉ុន្តែអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ស្រាប់តែថ្មីៗនេះ គីម លីហ្សា បានប្រាប់ឲ្យដឹងថា នាងកំពុងតែពរពោះបុត្រទី ២ ទៀតហើយ ដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់នាង កាន់តែមានសុភមង្គលទ្វេឡើង។
អ្នកម្ដាយសម័យថ្មីសាច់សខ្ចី គឹម លីហ្សា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបភាពឧបករណ៍ពិនិត្យផ្ទៃពោះមានខ្លឹមសារថា «គិតមិចឡូវ អាពេលចង់បានអត់ព្រមមកទេ អាឡូវដល់ពេលត្រូវទៅលំហែកាយ (Holiday) នៅខ្មែរបែរជាមក គម្រោងទាំងប៉ុន្មានត្រូវចប់ល្មម»។
ប៉ុន្តែទោះជាយ៉ាងណាក្ដី គឹម លីហ្សា មិនបានបញ្ចាក់ថា បុត្រនៅក្នុងផ្ទៃរបស់នាង ជាកូនស្រី រឺប្រុសនៅឡើយទេ ដោយសារតែអាយុកូនក្នុងផ្ទៃនៅតូចពេក មិនទាន់អាចបញ្ជាក់ពីភេទបាន ។
សូមជម្រាបថា គីម លីហ្សា បានរៀបការសាងគ្រួសារ ជាមួយអនិជន នៅអូស្ត្រាលីកាលពីឆ្នាំ ២០១៣ នឹងបានវេចបង្វិច ទៅសាងគ្រួសារ ជាមួយស្វាមី យ៉ាងមានក្ដីសុខ នៅទឹកដីអូស្ត្រាលី ដោយនាងបានសំរេចចិត្តបោះបង់វិស័យសិល្បះ ទាំងចិត្តនៅស្រលាញ់៕