(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា និងបឹងកេតអែហ្វស៊ី បានណាត់គ្នាប្រកួតមិត្តភាពជាថ្មីនាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះ នៅកីឡដ្ឋានវិសាខា ដើម្បីត្រៀមរដូវកាលថ្មី សម្រាប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ដែលគ្រោងចាប់ផ្ដើមការប្រកួតឆាប់ៗខាងមុខ។
ក្រុមទាំងពីរ ធ្លាប់បានជួបគ្នាម្ដងរួចមកហើយកាលពីថ្ងៃទី០៩ ខែកុម្ភៈ តែបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ៤-៤។ ដូច្នេះតាមរយៈការណាត់ជួបគ្នាលើកទី២ នេះ គេជឿជាក់ថា ក្រុមទាំងពីរ នឹងធ្វើឲ្យកក្រើកប្រៀបដូចការប្រកួតផ្លូវការដែរ ដើម្បីសម្ញែងសាច់ដុំរៀងៗខ្លួន ក្នុងការត្រៀមរដូវកាលថ្មីខាងមុខ។
គួរបញ្ជាក់ថា នេះគឺជាការប្រកួតមិត្តភាព ដើម្បីដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាពត្រៀមរដូវកាលថ្មី ស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងចាប់ផ្ដើមការប្រកួតផ្លូវការនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ខាងមុខ៕