(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើល សម្រាប់ទស្សនិកជន បន្ទាប់ពីបានឃើញ វត្តមាន របស់កំពូលតារាចម្រៀង ២រូប ក្នុងផលិតកម្មរស្មីហង្សមាស គឺ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត និងតារាចម្រៀង សុខ សីឡាលីន បានក្ដោបបានដំណែង ក្លាយជាគណៈកម្មការ ក្នុងកម្មវិធី ប្រឡងចម្រៀងរបស់ទូរទស្សន៍ហង្សមាស គឺកម្មវិធី «X Factor Cambodia» ដែលជាកម្មវិធីលំដាប់កំពូល ល្បីពាសពេញពិភពលោក ដែលប្លែកពីកម្មវិធី ប្រឡងចម្រៀងផ្សេងៗ ។
ដោយឡែក ដូចប្រិយមិត្តទស្សនិកជម បានជ្រាបរួចមកហើយថា តារាចម្រៀងសំឡេងធ្ងន់ លោក ខេមរៈ សិរីមន្ត និងតារាចម្រៀងសម្លេងស្រទន់ សុខ សីឡាលីន បានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំហើយ ខណៈដែលក្រៅពីបង្ហើរសំនៀង បម្រើអារម្មណ៍ទស្សនិកជន ហើយនោះ តារាទាំងពីររូបនេះ ពុំធ្លាប់ធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងប្រជែងលំដាប់ពិភពលោក ណាមួយឡើយ ខណៈដែលនេះ ជាលើកទីមួយហើយ ដែលអ្នកទាំងបានក្ដោបបានដំណែងនេះ ។
ជាមួយគ្នានេះ ប្រិយមិត្តទស្សនិកជន ជាច្រើនហាក់សប្បាយរីករាយ ដែលបានឃើញវត្តមាន តាចម្រៀងដែលជាIdol ទាំងដួងរបស់ខ្លួន បានឈរតំណែងជាគណៈកម្មការ និងមានអ្វីពិសេស ដែលជាបទពិសោធន៍ ចែកជូនដល់បេក្ខជន បេក្ខនារីដែលបានចូលរួមក្នុងកម្មវិធីនេះ ។
គួរជម្រាបថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក « X Factor Cambodia » មានកំពូលតារាចម្រៀង៤ដួង នឹងត្រូវបង្ហាញវត្តមាន ធ្វើជាគណៈកម្មការ ក្នុងនោះមានតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា, លោក ខេមរៈ សិរីមន្ត, លោក ណុប បាយ៉ារិទ្ធ, និងកញ្ញា សុខ សីឡាលីន ៕