(កូរ៉េ)៖ នៅមិនទាន់ចប់ទេពាក់ព័ន្ធនឹងរឿងដ៏ចម្រូងចម្រាសនៅក្លឹប Burning Sun គឺពេលនេះ YG បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍មួយ ដែលអះអាងថា ភ្នាក់ងារបានហៅខាងសេវាប្រមូលឯកសារ មកដឹកជញ្ជូនរបស់របរមួយចំនួននៅទីស្នាក់ការ YG ដើម្បីបំផ្លាញភស្តុតាងទាក់ទងនឹង Seungri ថែមទៀត។
សារព័ត៌មាន Chosun.com បានរាយការណ៍នៅថ្ងៃនេះថា រថយន្តដឹកទំនិញពីរគ្រឿងមកពីក្រុមហ៊ុនសេវាប្រមូលឯកសារ បានទៅដល់ការិយាល័យកណ្តាល YG ទាំងព្រឹកព្រលឹម ខុសពីម៉ោងធ្វើការរាល់ថ្ងៃ។ បុគ្គលិករបស់ YG ហាក់ដូចជាប្រុងប្រយ័ត្នណាស់នៅពេលកម្មករកំពុងប្រមូលរបស់របរដឹកចេញ ហើយពួកគេក៏មិនអនុញ្ញាតឲ្យមានការថតរូបឡើយ ធ្វើឲ្យភ្នាក់ងាររបស់ Chosun.com មិនអាចមើលឃើញអ្វី ដែលកំពុងធ្វើនោះទេ តែគេសង្ស័យថា វាទំនងជាប្រអប់ក្រដាសឯកសារ និងគ្រឿងអេឡិចត្រូនិច។
ចំពោះការចោទប្រកាន់នេះ ខាង YG Entertainment បញ្ជាក់ថា «ការដឹកជញ្ជូនឯកសារមិនបានការយកទៅចោល គឺយើងធ្វើជាទៀងទាត់រៀងរាល់ខែឬត្រីមាស»។ ចំណែកក្រុមស៊ើបអង្កេតនៃភ្នាក់ងារប៉ូលីសក្រុងសេអ៊ូលនិយាយថា «គ្មានវិធីណាដែលយើងនឹងដឹងពីការបំផ្លាញឯកសាររបស់ពួកគេទេ។ ទោះបីជាយើងដឹងក៏មិនអាចបញ្ឈប់ពួកគេដែរ ដរាបណាយើងនៅមិនទាន់រកឃើញថា YG មានការពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលកើតឡើងនៅក្លឹប Burning Sun»៕