(អាមេរិក)៖ ថ្មីៗនេះ Kim Kardashian បានឮអំពី "Momo Challenge" ដែលត្រូវបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណិត ប៉ុន្តែនាងមិនចង់ឲ្យមានការផ្សព្វផ្សាយពីវាឡើយ។
ដោយមានការព្រួយបារម្ភខ្លាំងធ្វើឲ្យតារាហូលីវូតស្រីរូបនេះ ស្នើសុំឲ្យក្រុមហ៊ុន YouTube ជួយលុបចោលវីដេអូ «Momo Challenge» នេះចេញទាំងអស់ ដោយនាងបានចែករំលែករូបភាពនៅលើ Instagram របស់នាង បង្ហាញពីការព្រួយបារម្ភរបស់ឪពុកម្តាយជាច្រើនចំពោះបញ្ហានេះ ព្រោះពួកគេយល់ថា វីដេអូហ្គេម «Momo Challenge» ដែលជារឿងខ្មោចនេះ អាចលើកទឹកចិត្តក្មេងឲ្យធ្វើអត្តឃាត នៅពេលដែលពួកគេចូលចិត្តមើលវា។ YouTube បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ថ្មីៗនេះក្រុមហ៊ុនមិនបានរកឃើញភស្តុតាងនៃការផ្សព្វផ្សាយវីដេអូ «Momo Challenge» នៅលើ YouTube នោះទេ។ វីដេអូដ៏រន្ធត់ «Momo Challenge» ត្រូវបានផ្សព្វផ្សាយតាំងពីឆ្នាំមុន ដែលផលិតដោយក្រុមហ៊ុនជប៉ុនមួយ ហើយរូបភាពរបស់ Momo បានចាប់ផ្តើមផុសឡើងនៅលើ Reddit ។
ទោះបីជាមានការបារម្ភពីឪពុកម្តាយក្មេងជាច្រើន ប៉ុន្តែរបាយការណ៍នៃការធ្វើអត្តឃាតនៅជុំវិញពិភពលោក ទាក់ទងនឹងបញ្ហានេះមិនត្រូវបានគេបង្ហាញឡើយ៕