(ភ្នំពេញ)៖ ទស្សនិកជនជាច្រើននាក់ កំពុងរងចាំទស្សនាយ៉ាងអន្ទះសារ ជាមួយខ្សែភាពយន្តដុំរបស់ខ្មែរមួយ មានចំណងជើងថា «លោកប្តី»។ រឿងនេះ មានការចូលរួមសម្តែងដោយ នាយ​ពែកមី, អ្នកនាង ខ្ញុង និងកញ្ញា ហេង ចន្ថា ខណៈសាច់រឿងទាំងមូល គឺមានបង្កប់នូវអត្ថន័យអប់រំជាច្រើន ដល់ជីវិតប្តីប្រពន្ធរបស់មនុស្សទូទៅ ជាពិសេស​វាបានបង្ហាញយ៉ាងច្បាស់ ពីតថភាព ក្នុងសង្គមនាពេលបច្ចុប្បន្ន។

សង្គមកាន់តែទំនើបស៊ីវីល័យ មនុស្សកាន់តែស្វែងរកការសប្បាយថ្មីប្លែកជៀសមិនផុត។ រឿងរ៉ាវស្នេហាប្តីក្បត់ចិត្តប្រពន្ធ ទៅលួចលាក់ផ្គត់ផ្គង់ស្រីខាងក្រៅ បានធ្វើមនុស្សប្រុសមួយចំនួនយល់ថា ជារឿងធម្មតា និងតូចតាចទៅវិញ។ ជាក់ស្តែង ដូចក្នុងភាពយន្តខ្នាតធំមួយនេះ មិនត្រឹមតែបែបកំប្លែង កម្សត់នោះទេ តែមាន​បង្កប់ទស្សនៈអប់រំ អំពីបញ្ហាផិតក្បត់ប្តីប្រពន្ធ ត្រូវបានលាតត្រដាងក្នុងភាពយន្តរឿង «លោកប្តី»​ នេះតែម្តង ដែលបានដកស្រង់ចេញពីរឿងពិត ក្នុងសង្គមបច្ចុប្បន្ន ​លាយបញ្ចូលឈុតឆាកមួយចំនួន ដើម្បីឲ្យភាពយន្តនេះកាន់តែទាក់ទាញ។

គេនៅចាំមិនភ្លេច កាលពីពេលថ្មីៗនេះ ទស្សនិកជនក្នុងបណ្តាញសង្គម ឃើញថា អ្នកនាង ខ្ញុង បានចេញនូវវីដេអូមួយ និយាយរៀបរាប់ទាំងទឹកភ្នែក ពីប្តីរបស់ខ្លួនមានស្រីខាងក្រៅ ដោយបង្ហាញពីអារម្មណ៍ឈឺចាប់ ក្នុងនាមជាប្រពន្ធដើម ខណៈកញ្ញា ហេង ចន្ថា ក៏បានចេញវីដេអូមួយដូចគ្នា តែនាងបានរៀងរាប់ពីការឈឺចាប់ ក្នុងនាមជានារីរងគ្រោះ ត្រូវបុរសកុហកថា មិនទាន់មានប្រពន្ធ បន្ទាប់ពីជ្រុលខ្លួនស្រឡាញ់ នៅជាមួយគ្នាហើយ ក៏ដឹងថា​ខ្លួនជាប្រពន្ធចុង។ នារីទាំងពីរ គឺនាង ខ្ញុង និងចន្ថា សុទ្ធតែជានារីរងគ្រោះ ដោយសារបុរសគ្មានភាពស្មោះត្រង់ម្តង ខណៈម្នាក់បង្ហាញការឈឺចាប់ក្នុងនាមជាប្រពន្ធដើម និងម្នាក់ឈឺចាប់ក្នុងនាមជាប្រពន្ធចុង។ ដូចសម្តីតារាកំប្លែង និងសម្តែងស្រី នាងខ្ញុង លើកឡើងថា «ក្បត់ចុះ បើគិតថាទឹកភ្នែកប្រពន្ធនៅមានច្រើន» បាននឹងកំពុងចាក់ចំបេះដូងអ្នកគាំទ្រ ពិសេសស្ត្រីជាប្រពន្ធដើម។

ដោយសារសាច់រឿងល្អ និងមានបង្កប់នូវការអប់រំបែបនេះ ទើបទស្សនិកជនជាច្រើន​ចូលចិត្ត និងកំពុងរងចាំទស្សនាយ៉ាងអន្ទះសារបែបនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ រឿងនេះ ក៏អាចជាផ្នែកមួយផ្តល់ជាគតិ ដល់បុរសៗទាំងឡាយ ឲ្យចេះគិតពិចារណា មុននឹងធ្វើអ្វីមួយ ជាពិសេសកុំមានស្រីខាងក្រៅ និងកុំធ្វើជាដើមហេតុធ្វើឲ្យនារីច្រើនាក់ ឈឺចាប់ដោយសារខ្លួនម្នាក់៕