(ភ្នំពេញ)៖ លោក Felix Dalmas ដៃស្ដាំលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានប្រកាសនឹងធ្វើការជ្រើសរើសកីឡាករជម្រើសជាតិ U23 កម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល H នៃពានរង្វាន់ AFC U23 Championship 2020 ខណៈកីឡាករ U22 ដែលទើបបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់ AFF U22 Championship 2019 កាលពីថ្មីៗ ក៏សុទ្ធតែមានឱកាសផងដែរ។
គ្រូបង្វឹកជួយឲ្យក្រុមគោព្រៃជំទង់ U22 កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងទទួលបានលេខ៤ ក្នុងនាមម្ចាស់ផ្ទះពានរង្វាន់ AFF U22 Championship 2019 បានលើកឡើថា ក្រោយចប់បេសកកម្មនេះ លោកបានមើលឃើញពីសក្ដានុពលរបស់កីឡាករ U22 កម្ពុជាច្រើន ហើយពួកគេ សុទ្ធតែធ្វើបានល្អគ្រប់ការប្រកួត ហេតុនេះពួកគេ ក៏មានឱកាសជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ U23 កម្ពុជា ដើម្បីត្រៀមការប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ី នាពេលឆាប់ៗខាងមុខដែរ។
បើតាមការបញ្ជាក់របស់គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានបង្ហើបថា លោក និងក្រុមការងារ នឹងចាប់ផ្ដើមធ្វើការជ្រើសរើសសមាជិកក្រុម U23 កម្ពុជា ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ ក្រោយចប់ការប្រកួតពានរង្វាន់ AFF U22 ។ ប៉ុន្ដែពាក់ព័ន្ធនឹងលោក Keisuke Honda នឹងមកចូលរួមដឹកនាំក្រុម U23 កម្ពុជា ត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U23 នាពេលខាងមុខឬអត់ លោកមិនបានបញ្ជាក់ឡើយ។
ចំពោះការត្រៀមបើកទ្វារពហុកីឡដ្ឋានជាតិជាថ្មី ដើម្បីស្វាគមន៍វគ្គជម្រុះពូល H នៃពានរង្វាន់ប្រចាំទ្វីបអាស៊ីនេះវិញ ក្រុម U23 កម្ពុជា គឺស្ថិតក្នុងពូលជាមួយក្រុមខ្លាំង U23 កូរ៉េខាងត្បូង, អូស្ដ្រាលី និងក្រុមឆាយនីតៃប៉ិ ដើម្បីធ្វើការប្រកួតប្រជែងកៅអីវគ្គបន្ដ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនាខាងមុខ។ រីឯគូប្រកួតបើកឆាករបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺត្រូវជួបក្រុម U23 អូស្ដ្រាលីមុនគេ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩៕