(ភ្នំពេញ)៖ កញ្ញា នីរ័ត្ន ត្រូវបានទស្សនកជនស្គាល់ថា គឺជាតារាចម្រៀងស្រីមួយដួង ក្នុងផលិតកម្មថោន ខណៈបច្ចុប្បន្ននាងមិនមានវត្តមានក្នុងវិស័យសិល្បៈ និងមិនបានបញ្ចេញបទចម្រៀងថ្មីៗនោះទេ ព្រោះនាងបានទៅរស់នៅប្រទេសអូស្រ្តាលីជាមួយគូដណ្តឹង។ ជាការកត់សម្គាល់ បន្ទាប់ពីភ្ជាប់ពាក្យតាមប្រពៃណីខ្មែររួចរាល់ នីរ័ត្ន បានសម្រេចចិត្តផ្អាក់ការងារសិល្បៈក្នុងស្រុកទៅរស់នៅ បរទេសជាមួយក្រុមគ្រួសារគូដណ្តឹងយ៉ាងមានសុភមង្គល។ យ៉ាងណាមិញ ថ្មីៗនេះទស្សនិកជនចាប់អារម្មណ៍គ្រប់គ្នា ក្រោយដឹងថា តារាស្រីរូបនេះ បានសម្រេចចិត្តរៀបការជាមួយគូដណ្តឹង នៅទឹកដីអូស្រ្តាលី ដោយពិធីមង្គលរបស់នាង ត្រូវបានធ្វើឡើងតាមបែបអឺរ៉ុប។
ជាក់ស្តែង តាមរយៈវីដេអូន និងរូបថតជាច្រើន ត្រូវបានមិត្តភ័ក្ត និងអ្នកគាំទ្រ របស់តារាស្រីម្ចាស់បទ «វ៉ល់ វ៉ល់» រូបនេះធ្វើការបង្ហោះក្នុងបណ្តាញសង្គម និងមានអ្នកចែករំលែកតៗគ្នា ដោយភ្ជាប់ជាមួយពាក្យជូនពរ ដល់គូស្វាមីភរិយាថ្មីមួយគូនេះទៀតផង។ អ្វីដែលសំខាន់ ទស្សនិកជនបានសម្តែងនូវការសាទរ ព្រមទាំងរំភើបចិត្ត ពេលឃើញថាទឹកមុខនីរ័ត្ន និងស្វាមី ញញឹមដាក់គ្នា ពោរពេញដោយក្តីស្រឡាញ់ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមគ្រួសារ មិត្តភ័ក្តនៅ អូស្ត្រាលីចូលរួមយ៉ាងច្រើនផងនោះ។
យ៉ាងណាមិញ ទោះបីជាតារាស្រីរូបនេះ សម្រេចចិត្តរៀបការតាមប្រពៃណីអឺរ៉ុបក្តី តែបើតាមប្រភពច្បាស់ការបានឱ្យដឹងថា នាងមិនភ្លេចប្រពៃណីខ្មែរ ដ៏ផូរផង់នោះទេ ពោលនាង និងស្វាមី នឹងត្រឡប់មកប្រទេសកម្ពុជា ដើម្បីរៀបការតាមប្រពៃណីខ្មែរម្តងទៀត តែមិនទាន់ច្បាស់នោះទេ ថានាងនឹងមកថ្ងៃណា៕