(ភ្នំពេញ)៖ តារាសម្តែងប្រុស លោក ថមមី ដែលទស្សនិកជនស្គាល់ថា គឺជាគូស្នេហ៍របស់តារាចម្រៀងស្រី សួស វីហ្សា នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោកនឹងមកបំភ្លឺ ក៏ដូចជាបកស្រាយ រាល់សំនួររបស់ពិធីករ-ពិធីការិនី ក្នុងកម្មវិធី ជាពិសេសចម្ងល់ដែលមហាជនកំពុងតែចង់ដឹងថា តើលោក និង សួស វីហ្សា ដឹកដៃគ្នាចូលរោងការនៅពេលណា?

ជាការពិត តារាសម្តែងប្រុសលោក ថមមី ក្រៅពីទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងសកម្មភាពក្នុងការងារសិល្បៈហើយនោះ បើងាកមករឿងរ៉ាវស្នេហាវិញ គឺត្រូវបានទស្សនិកជនតាមដានជានិច្ចផងដែរ ខណៈបច្ចុប្បន្នទំនាក់ទំនងស្នេហារបស់លោក ជាមួយតារាចម្រៀងស្រីល្បីឈ្មោះ សួស វីហ្សា ហាក់លែងបិទបាំងទៀតហើយ។ ជានិច្ចកាលគេតែងតែឃើញគូស្នេហ៍មួយគូនេះ បង្ហាញភាពផ្អែមល្ហែមដាក់គ្នា ទៅវិញទៅមក នឹងធ្វើការងារសិល្បៈជាមួយគ្នាញឹកញាប់ទៀតផង ពោលគឺ អ្នកទាំងពីរទើបតែត្រឡប់មកពីសម្តែងនៅទឹកដីប្រទេសកូរ៉េខាងត្បូងជាមួយគ្នាថ្មីៗនេះ។

ទន្ទឹមនឹងភាពស្និតស្នាលការបើកជំហរទំនាក់ទំនងជាសាធារណៈនេះ រឹងតែធ្វើឱ្យទស្សនិកជនចង់ដឹង ថាតើ អ្នកទាំងពីរគ្រោងចូលរោងការពេលនេះ ព្រោះបើមើលទៅវ័យអ្នកទាំងពីរ ក៏សមល្មមនឹងរៀបការហើយដែរ។ អ្វីដែលពិសេស​ ចូលឆ្នាំ២០១៩ នេះ អ្នកសិល្បៈជាច្រើន បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ដូច្នេះ រាល់ចម្ងល់ទាំងនេះ លោក ថមមី នឹងមកបំភ្លឺឱ្យច្បាស់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

កម្មវិធីនេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងដដែល៕