(ថៃ)៖ ការជាពិត ខ្សែភាពយន្តភាគរបស់ថៃ មានចំណងជើងថា «បុព្វេសន្និវាស» ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅស្រុក ជាពិសេសបណ្តាអ្នកគាំទ្រនៅប្រទេសកម្ពុជា មានការជក់ចិត្ត និងតាមដានពីមួយវគ្គទៅមួយវគ្គ នៃរឿងនេះ ស្ទើរមិនឱ្យខកមួយពេលណាឡើយ តាមរយៈការដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN។ ទន្ទឹមនឹងការគាំទ្រច្រើន បានធ្វើឱ្យផលិតករ និងតួសម្តែង មានការរីករាយយ៉ាងខ្លាំង ក្នុងការផលិតបន្តទៀត ដោយបច្ចុប្បន្នរឿងនេះ កំពុងត្រៀមរៀបចំថត វគ្គ២ ខណៈសាច់រឿង សរសេរជិតចប់ហើយនោះ។

បើតាមប្រភពបានឱ្យដឹងថា ការលើកឡើងបែបនេះ បន្ទាប់ពីតួអង្គឯកប្រុសស្រី ដែលលេចធ្លោរជាងគេ ក្នុងរឿង «បុព្វេសន្និវាស» លោក Pope Thanawat និង កញ្ញា Bella Ranee បានផ្ដល់បទសម្ភាសន៍ជាមួយនិងកាសែតថា រឿង «បុព្វេសន្និវាស» វគ្គ២ នឹងត្រៀមថតក្នុងពេលឆាប់ៗខាងមុខនេះហើយ ខណៈពេលនេះផលិករកំពុង តែសរសេរសាច់រឿង ជិតបញ្ចប់ហើយ»។

កាលដែលបានទទួលនូវដំណឹងនេះហើយ ទស្សនិកជនដែលនិយមតាមដានរឿងភាគថៃជាច្រើន បានសម្តែងនូវក្តីរំភើប សប្បាយរីករាយក្នុងចិត្ត ហើយកំពុងតែទន្ទឹងរងចាំទស្សនិកជនយ៉ាងអន្ទះសារនូវរឿង «បុព្វេសន្និវាស» វគ្គ២នេះ ថាមានសាច់រឿងល្អមើលខ្លាំង ដូចជាវគ្គ១ដែរឬយ៉ាងណា។ មិនតែប៉ុណ្ណោះ ចំពោះរឿងវគ្គ១ គឺមានការកក្រើក និងសាយភាយយ៉ាងខ្លាំង ទៅកាន់តំបន់នៃប្រទេសផ្សេងៗជាច្រើនទៀត ដែលបានចាប់អារម្មណ៍យកទៅចាក់ផ្សាយ៕