(កូរ៉េ)៖ Seungri សមាជិកក្រុម K-Pop ដ៏ល្បី BIGBANG បានបន្តចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនៅទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍កន្លងទៅ ទោះជាមានរឿងអាស្រូវច្រើនពាក់ព័ន្ធនឹងក្លឹប Burning Sun ដែលលោកធ្លាប់មានតួនាទីជាអ្នក មើលការខុសត្រូវក៏ដោយ។

មុនការប្រគំតន្ត្រីសូឡូរបស់ខ្លួននៅឯ Olympic Park Seungri បានធ្វើការសុំទោសដល់ អ្នកគាំទ្រចំពោះរឿងរ៉ាវដ៏ចម្រូងចម្រាសនេះ បន្ទាប់ពីពួកគេទាមទារឲ្យលោកធ្វើការបំភ្លឺដោយតារាប្រុសរូបនេះ បានបង្ហាញអារម្មណ៍សោកស្តាយ ដែលលោកបានធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងព្រួយបារម្ភចំពោះរឿងអាស្រូវនៅ Burning Sun ក្លឹបកម្សាន្តដ៏ល្បីស្ថិតនៅតំបន់ Gangnam ។

ការសុំទោសរបស់ Seungri បានធ្វើឡើងក្រោយពីមានការទាមទារយ៉ាងខ្លាំង ពីអ្នកគាំទ្រ ឲ្យរូបលោកចេញមុខបកស្រាយពីរឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងក្លឹប Burning Sun ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ការរំលោភបំពានផ្លូវភេទ និងការប្រើហិង្សា​មកលើអតិថិជនរបស់ខ្លួន។

ថ្មីៗនេះ តារាចម្រៀងក្រុម BIGBANG រូបនេះក៏បានសម្រេចចិត្តលាលែងតំណែងនៅក្លឹបនោះ និងបានប្រកាសផងដែរថា លោកមិនបានចូលរួមគ្រប់គ្រងក្លឹបកម្សាន្តនោះដោយផ្ទាល់ទេ៕