(ក្រុងឡុងដ៍)៖ ខ្សែបម្រើប្រយុទ្ធវ័យក្មេង Jadon Sancho ត្រូវបានក្លឹបក្នុងលីគកំពូលអង់គ្លេស Manchester United ត្រៀមទឹកប្រាក់ប្រមាណ ៧០លានផោន ស្មើនឹង ៩០លាដុល្លារដែលជាគោលដៅក្នុងការនាំយកមកកាន់ទឹកដីអង់គ្លេសនៅរដូវក្តៅខាងមុខនេះ គ្រាដែលខ្សែបម្រើរូបនេះកំពុងលេងនៅក្របខណ្ឌអាល្លឺម៉ង់ Bundesliga។

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Sancho ត្រូវបានក្លឹប Borussia Dortmund ទិញពីក្លឹប Man City កាលពីឆ្នាំ២០១៧ ក្នុងនាមជាកីឡាករយុវជនម្នាក់ ដែលរូបគេត្រូវបានក្រុមធំនៅតំបន់អឺរ៉ុបជាច្រើនចង់បាន ហើយរូបគេតែងតែជាប់ជម្រើស ១១នាក់រហូតតែម្ដង ជាក់ស្ដែងបច្ចុប្បន្ននេះ កីឡាករវ័យ ១៨ឆ្នាំជាខ្សែបម្រើម្នាក់មិនអាចខ្វះបានរបស់ Dortmund និងបានជួយក្រុមឈរលេខ១ ក្នុងតារាងលីគកំពូលអាល្លឺម៉ង់ ថែមទៀតផង។

តាមប្រភពពីសារព័ត៌មានអង់គ្លេសបានបញ្ជាក់ថា Man Utd ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បានត្រៀមប្រាក់យ៉ាងច្រើន ដើម្បីទិញ Sancho ក៏ដោយសារតែក្លឹបកំពុងតែជួយបញ្ហាតំបន់បម្រើ គ្រាដែលបច្ចុប្បន្នខ្សែបម្រើ Alexis Sanchez មិនស្ថិតក្នុងជម្រើស ១១របស់លោក។

គួរបញ្ចាក់ផងថា បច្ចុប្បន្ន Sancho បង្ហាញខ្លួនបាន ២៩ប្រកួត រកបាន ៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ១៣គ្រាប់៕