(ភ្នំពេញ)៖ នេះជាលើកទីមួយហើយ ដែលតារាចម្រៀងប្រុសលំដាប់ប្រទេស លោក ខេម បានរិះគន់ទៅលើអ្នកសិល្បៈមួយចំនួន ដែលមិនចេះរាំចង្វាក់ប្រពៃណីខ្មែរ ពោល គឺចង្វាក់រាំវង់។ ការរិះគន់បែបនេះ បន្ទាប់ពីតារាចម្រៀងលោក ខេម បានទៅថតបទចម្រៀង ដែលជាចង្វាក់ប្រពៃណីជាតិខ្មែរ នៅឯវត្តកៀនស្វាយក្រៅ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីអបអរក្នុងឱកាស ពិពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតដល់ នាពេលខាងមុខនេះ ខណៈដែលមានតារាចម្រៀង ប្រចាំផលិតកម្ម ថោន និងតារាសម្ដែងបានចូលរួម យ៉ាងច្រើនកុះករ។
តារាចម្រៀងសំនៀងស្អក ខេម បានសរសេររិះគន់ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក យ៉ាងដូច្នេះថា «ខ្ញុំឈរមើលពីលើឆាក ខ្ញុំមិនដឹងថា យ៉ាងម៉េចទេឲ្យសម ប្អូនៗប្រុសស្រីមួយចំនួន មកថតចម្រៀង ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីយខ្មែរ តែបែរជាមិនចេះរាំបទ ចង្វាក់រាំវង់»។
ជាមួយគ្នានេះ លោក ខេម មានការរំពឹង យ៉ាងមុតមាំថា អ្នកសិល្បៈក៏ដូចជា បងប្អូនមហាជន និងចេះរាំចង្វាក់ប្រពៃណីជាតិរបស់ខ្មែរ យើងឲ្យបានគ្រប់ចង្វាក់ ជាពិសេស គឺចង្វាក់រាំវង់ ដែលជាមរតកវប្បធម៌ របស់ខ្មែរយើងតែម្ដង។
តារាចម្រៀងប្រុសរូបនេះ បានសរសេរបន្តទៀតថា «ចូលឆ្នាំ២០១៩នេះសង្ឃឹម បងប្អូន និងចង់ចាំចង្វាក់ប្រពៃណីយើងណា លើកស្ទួយឡើង កុំស្រឡាញ់តែមាត់ ត្រូវចូលរួមអនុវត្តផង អរគុណពុកម៉ែបងប្អូនគ្រប់គ្នា មានការខុសឆ្គងឲ្យខ្ញុំសូមទោសផង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតនៅឯវត្តកៀនស្វាយក្រៅ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ផលិតកម្ម ថោន បានរៀបចំថតបទចម្រៀងប្រមាណជា៥០បទ ដែលសុទ្ធសឹងតែចង្វាក់ប្រពៃណីខ្មែរ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ប៉ុន្តែសម្រាប់ការថតនៅក្នុងវត្តនេះ គឺមានត្រឹមតែ២០បទប៉ុណ្ណោះ ខណៈនៅសល់៣០បទទៀត គឺផលិតកម្មនឹងថតនៅកន្លែងផ្សេងៗទៀត៕