(កូរ៉េ)៖ ពេលនេះជនដែលបំផុសបំផុលពាក្យចចាមអារ៉ាម បង្ហាញពីចេតនាអាក្រក់ចំពោះទំនាក់ទំនង រវាងតារាសម្តែងស្រី Jung Yoo Mi និងផលិតករ Na Young Suk ត្រូវបានប៉ូលីសចាប់ខ្លួនហើយ។
តាមសេចក្តីរាយការណ៍របស់ TV Report កាលពីថ្ងៃទី១១ ខែកុម្ភៈ បានឲ្យដឹងថា នៅអំឡុងខែតុលាឆ្នាំមុន មានជនរប៉ិលរប៉ូចផ្សព្វផ្សាយតាមបណ្តាញសង្គមថា Jung Yoo Mi និង Na Young Suk អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាក្រៅឆាក បន្ទាប់ពីធ្វើការជាមួយគ្នាក្នុងកម្មវិធី «Youn's Kitchen» ប៉ុន្តែភាគីទាំងសងខាងបានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះពាក្យចចាមអារ៉ាមនេះ ហើយប្រកាសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង។
ជាការពិត ពេលនេះជនបង្កត្រូវបានគេរកឃើញហើយ និងត្រូវបញ្ជូនទៅកាត់ទោសផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់អត្តសញ្ញាណរបស់ជននេះនៅឡើយ។ ចំណែកតារាសម្តែង Jung Yoo Mi បានសហការជាមួយសមត្ថកិច្ចចំពោះរឿងនេះក្នុងនាមជាជនរងគ្រោះ៕