(ភ្នំពេញ)៖ អតីតតារាសម្ដែងដ៏ល្បីឈ្មោះ ក្នុងទសវត្សរ៍ទី៩០ គឺលោក ទេព វាសនា បន្ទាប់ពីលោកបានឃ្លាតឆ្ងាយពីពិភពសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ដែលដំណឹងនៃការឃ្លាតឆ្ងាយពីសិល្បៈនេះ បានក្លាយទៅជាពាក្យចចារ៉ាមជាច្រើនលេចឮថា អតីតតារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពរូបនេះ បានទទួលមរណភាពហើយ។ ផ្ទុយទៅវិញ តាមប្រភពព័ត៌មានច្បាស់ការ ពីអ្នកស្រី ស៊ិន ឧត្តមផល្លា បានទម្លាយប្រាប់ឲ្យដឹងថា លោក ទេព វាសនា មិនបានទទួលមរណភាព ដូចពាក្យចចាអារ៉ាមនោះទេ ខណៈសព្វថ្ងៃ លោកកំពុងមមាញឹក ក្នុងការបំពេញការងារផ្ទាល់ខ្លួនរបស់លោក ជាមន្រ្តីរាជការ។
យោងតាមផេកហ្វេសប៊ុក អ្នកនាង ស៊ិន ឧត្តមផល្លា បានបញ្ជាក់ថា «អតីតតារាសម្ដែង លោក ទេព វាសនា មិនបានទទួលមរណភាព ដូចពាក្យចចាមអារ៉ាមឡើយ តារារូបនេះនៅមានជីវិត ។ ថ្ងៃនេះក៏មិនខុសពីសព្វដង គេហទំព័រយើងខ្ញុំ នៅតែបន្តស្រាវជ្រាវ អំពីដំណឹងអតីតតារាចម្រៀង និងតារាសម្ដែងជើងចាស់ ដើម្បីឲ្យពុកម៉ែបងប្អូន អស់ចម្ងល់ថា តើគាត់កំពុងតែរស់នៅឯណា? មានមុខងារជាអ្វី? នឹងមុខមាត់រូបរាង របស់គាត់ពីមុន និងបច្ចុប្បន្នប្រែប្រួល យ៉ាងណាទៅហើយ?»។
អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្តថា «មកជួបជាមួយ អតីតតារាសម្ដែង ដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៩០ គឺលោក ទេព វាសនា គេនៅចាំបានថា លោក ទេព វាសនា គឺតារាសម្ដែងដ៏ល្បី ឈ្មោះមួយរូប ក្នុងពិភព KARAOKE សឹងតែគ្រប់ផលិតកម្ម អស់រយៈកាលជាង២០ឆ្នាំមកហើយ ដែលតារារូបនេះបានដកខ្លួន ចេញពីពិភពសិល្បៈ ដែលធ្វើឲ្យការបាត់ខ្លួននេះ ក្លាយជាពាក្យចចាមអារ៉ាមថា លោកបានទទួលមរណភាពទៀតផង។ ដោយសារតែ មិនធ្លាប់មានសារព័ត៌មានណាមួយចុះផ្សាយ អំពីដំណឹងរបស់លោក ជាហេតុធ្វើឲ្យការបាត់ខ្លួននេះ នៅតែឋិតក្នុងភាពអាថ៌កំបាំង ប៉ុន្តែតាមការពិតលោក ទេព វាសនា នៅមានជីវិតនៅឡើយ»។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ លោក ទេព វាសនា មានវ័យ៤៥ឆ្នាំ លោកមានកូនចំនួនបីនាក់ ស្រីពីរ ប្រុសមួយ លោកកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ហើយលោកក៏មានឋានៈជា ឯកឧត្ដមផងដែរ និងមានតួនាទីដ៏សំខាន់មួយរូប នៅក្នុងជួររាជរដ្ឋាភិបាលទៀតផង៕