(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាខ្មែរប្រុសស្រីជាច្រើនរូប បានចេញទៅសម្ដែងនៅប្រទេសកូរ៉េខាងត្បូង ដើម្បីច្រៀងឲ្យបងប្អូនពលករខ្មែរ ក៏ដូចជាអ្នកគាំទ្រ បានរីករាយរាំកម្សាន្ត ក្នុងឱកាសថ្ងៃចូលឆ្នាំចិន នៅប្រទេសកូរ៉េ។ ជាមួយគ្នានេះផងដែរ គេសម្គាល់ឃើញថា ការប្រគំតន្រ្ដីមួយនេះ មានអ្នកចូលរួមលេងកម្សាន្ត រាំលេងយ៉ាងរីករាយ ជាមួយនឹងការបកស្រាយបទចម្រៀង ជាច្រើនបទពីសំណាក់តារាល្បីៗទាំងនោះ។
ការប្រគំតន្ត្រីខាងលើបានធ្វើឡើងចំនួន២ថ្ងៃ នៅកន្លែងផ្សេងគ្នា ក្នុងនោះនៅថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ បានធ្វើឡើងនៅទីក្រុងប៊ូសាន ហើយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ធ្វើនៅទីក្រុងអាន់សាំន។ សន្ទុះនៃការគាំទ្រនៃ ទីក្រុងទាំង២នេះ គឺមានភាពប្រហាក់ប្រហែលគ្នា អ្វីដែលពិសេសនេះ បងប្អូនខ្មែររស់នៅទីនោះ គឺម្នាក់ៗចង់រាំលេងសប្បាយខ្លាំង ស្របពេលដែលពួកគេសម្រាកពីការងារ។
ក្រុមតារាខ្មែរប្រុសស្រី ជិត ២០រូប ដែលបានទៅចូលរួមនៃការប្រគំតន្ត្រីខាងលើ មានដូចជា លោក ខេម, លោក កែវ វាសនា, លោក នី រតនា, លោក ម៉ៅ ហាជី, លោក សៅ ឧត្តម ,លោក ពេជ្រ ថាណា,លោក ថែល ថៃ, កញ្ញា យូរី, កញ្ញា សួស វីហ្សា, កញ្ញា លីនដា, កញ្ញា សុធារ័ត្ន, លោក BMO, លោក ទ្រី សក្ដា, PeyPeydy, លោក ម៉ាដូណា, កញ្ញា សាឡាត់ ស្រីឡាង, កញ្ញា សុភ័ក្រ កុសម៉ា និង លោក ថូមី រួមនឹងក្រុមការងារ៤ទៅ៦នាក់ផ្សេងទៀត។ ការចំណាយនៃការរៀបចំខាងលើ ទាំងសំបុត្រយន្តហោះ ការស្នាក់នៅ ហូបចុក ធ្វើដំណើរ កន្លែងរៀបចំកម្មវិធី ថ្លៃខ្លួនតារា និងការចំណាយផ្សេងទៀត ត្រូវបានគេប៉ាន់ប្រមាណថា ចំណាយមិនក្រោម១០ម៉ឺនដុល្លារឡើយ។
បេសកកម្មការប្រគំតន្ត្រីនៅរដូវរងា រៀបចំដោយ ក្រុមហ៊ុន «ភូមិឋានសួស្ដី» ដែលជាក្រុមហ៊ុនអចលនទ្រព្យដែលបង្កើតឡើង ដោយពលករខ្មែរនៅប្រទេសកូរ៉េ។ លោក សុខ សៀងឌី ជាតារាចម្រៀងពលករនិងលោក សេង គឺមឡែន ដែលជាម្ចាស់ស្ពុនស័រ បានលើកឡើងថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានរៀបចំកម្មវិធីខាងលើដោយជោគជ័យបែបនេះ។
លោកថ្លែងថា «ទោះបីជាមិនទទួលបានការគាំទ្រលើសលប់តែចំនួននេះ ប៉ុន្តែអាចទទួលយកបាន ហើយលោកសូមថ្លែងអំណរគុណដល់ អ្នកគាំទ្រទាំងអស់ដែលបានឆ្លៀតពេលមកចូលរួមកម្មវិធី ដែលក្រុមហ៊ុនរៀបចំ ជាលើកដំបូងនេះ»។
ម្ចាស់ស្ពុនស័រខាងលើបានថ្លែងជា ចុងក្រោយថា ការនាំតារាមកច្រៀងនៅប្រទេសកូរ៉េនេះ មិនមែនធ្វើឡើងតែមួយលើកនេះឡើយ នៅរដូវបន្ទាប់ៗក្រុមហ៊ុនរបស់លោក និងរៀបចំការប្រគំតន្ត្រីបែបនេះ ទៅតាមសំណូមពរបងប្អូនខ្មែររស់នៅទីនេះជា បន្តបន្ទាប់ទៀត៕