(ភ្នំពេញ)៖ យោងតាមតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលបានផ្ដល់ថវិកាចំនួន ៨ម៉ឺនដុល្លារ ជួយសម្រាលថ្លៃចំណាយព្យាបាល អំឡុងពេលដែលប្អូនស្រីរបស់លោក គឺខេមរៈ ស្រីពៅ មានជំងឺធ្ងន់ធ្ងរ ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ រយៈពេល៤ឆ្នាំមកនេះ។
លោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា នៅអំឡុងពេលព្យាបាលនៅប្រទេសថៃ គឺមានការចំណាយច្រើន ត្រូវការថវិកាចំនួន ២ម៉ឺន ទៅ ៣ម៉ឺន ក្នុងមួយខែ ដូច្នេះក្រុមគ្រួសាររបស់លោក ត្រូវចំណាយអស់ច្រើន។ ប៉ុន្តែជាសំណាងល្អ នៅអំឡុងពេលមួយឆ្នាំមុន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ព្រមជាមួយនឹងភរិយា បានដឹងដំណឹងថា ប្អូនស្រីរបស់លោក (ខេមរៈ ស្រីពៅ) មានជំងឺធ្ងន់ធ្ងរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត បានផ្ដល់ថវិកាចំនួន ៨ម៉ឺនដុល្លារ ដល់ក្រុមគ្រួសារ ដែលធ្វើឲ្យបន្ធូរការចំណាយនៅមន្ទីរពេទ្យ។
ខេមរៈ សិរីមន្ត និយាយថា «ខ្ញុំបាទក៏សូមអរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបងប្រុស ហ៊ុន ម៉ាណែត ដែលបានផ្ដល់ថវិកាចំនួន ៨ម៉ឺន ដុល្លារ ក្នុងនោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ៧ម៉ឺនដុល្លារ និង បងប្រុស ហ៊ុន ម៉ាណែត១ម៉ឺនដុល្លារ ដើម្បីជួយបន្តព្យាបាលជំងឺប្អូនស្រីរបស់ខ្ញុំ។ តែទីបំផុតនាងនៅតែមិនជាសះស្បើយដដែល»។
លោក ខេមរៈ សិរីមន្ត បានរៀបរាប់ថា «ពីដំបូងប្អូនស្រីរបស់ខ្ញុំ គឺកើតជំងឺរលាកសរសៃឈាម តែគ្រូពេទ្យនៅមន្ទីរពេទ្យឯកជនមួយ បានផ្សំថ្នាំសន្លាក់ ឲ្យលេបខុសពីជំងឺ ទើបធ្វើឲ្យប្រតិកម្មថ្នាំ និងប៉ះពាល់ដល់សុខភាព ប្អូនស្រីរបស់ខ្ញុំ រហូតធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបញ្ចូនបន្តទៅព្យាបាលនៅប្រទេសថៃ និងចុងក្រោយនៅក្នុងប្រទេសឥណ្ឌា»។
គួរជម្រាបថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងវ័យ ២៦ ឆ្នាំ ដោយជំងឺក្រលៀន និងសួតធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យ នៃប្រទេសឥណ្ឌា បន្ទាប់ពីបញ្ជូនពីប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ ហើយបន្តព្យាបាលមន្ទីរពេទ្យប្រទេសឥណ្ឌា អស់រយៈពេលជិត២ខែ។ ក្នុងនោះសម្ដេច សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏ដូចជា លោក ហ៊ុន ម៉ាណែត បានចូលបច្ច័យបុណ្យសព និងបុណ្យ៧ថ្ងៃ ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ៕