(ភ្នំពេញ)៖ តារាចម្រៀងប្រុសស្រីល្បីៗឈ្មោះជាង២០ដួង បានដឹកដៃគ្នាទៅច្រៀង និងសម្ដែងនៅក្នុងប្រទេសកូរ៉េ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅរដូវរងានេះ ធ្វើឲ្យផ្អើលអស់មហាជន និងអ្នកដំណើរដែលមានវត្តមាន នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។
តារាចម្រៀង តារាសម្ដែង និងពិធីករ-ពិធីការិនី ដែលបានធ្វើដំណើរទៅច្រៀង និងសម្ដែងនៅក្នុងប្រទេសកូរ៉េទាំងនោះ មានដូចជា លោក ខេម, លោក កែវ វាសនា, កញ្ញា យូរី, លោក ថមមី, កញ្ញា សួស វីហ្សា, លោក សៅ ឧត្តម, លោក ថែល ថៃ, លោក ម៉ៅ ហាជី, លោក ប៉ីប៉ីឌី, លោក នី រតនា, កញ្ញា សុភ័ក្រ កុសុម៉ា, កញ្ញា សាឡាត់ ស្រីឡាង, លោក ពេជ្រ ថាណា, លោក ម៉ាដូណា, កញ្ញា លីនដា, លោក សក្កដា ព្រមទាំងតារាល្បីមួយចំនួនទៀត។
លោក ឧត្តុង ជាអ្នកដឹកនាំតារាចម្រៀង បានថ្លែងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរឲ្យដឹងថា មូលហេតុដែលរូបលោក នាំតារាចម្រៀងប្រុសស្រី ទៅច្រៀងនៅកូរ៉េ ដោយសារតែមានគោលបំណង២ ទី១-ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីកូរ៉េ និងចិន និងមួយទៀតចង់ឲ្យបងប្អូនពលករខ្មែរ បានសប្បាយរីករាយ អំឡុងពេលឈប់សម្រាកនៅប្រទេសកូរ៉េ នារដូវរងានេះ។
លោកបន្តថា «តារាចម្រៀងពិធីករ និងសម្ដែងដែលខ្ញុំយកពួកគាត់ទៅកូរ៉េលើកទី១នេះ គឺដល់ទៅ២៤ រូបដោយចំណាយថវិកាអស់១០ម៉ឺនដុល្លារ។ ក្រៅពីសម្ដែងឲ្យបងប្អូនពលករខ្មែរនៅទីនោះ បានសប្បាយរីករាយពួកគាត់ក៏ឆ្លៀត ដើរកម្សាន្តចូលឆ្នាំកូរ៉េ និងចិនទៅទីនោះផងដែរ»។
តារាសម្ដែងជាច្រើនរូប បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងអរគុណដល់លោក ឧត្តុង និងសហស្ថានិកជាច្រើននាក់ទៀត ដែលបានផ្ដល់ឱកាស នាំពួកគេទៅសម្ដែង ចែកជូនដល់បងប្អូនពលករខ្មែរ បានទស្សនានៅទីនោះ ដោយពួកគេបានត្រៀមបង្កបរិយាកាសសប្បាយរីករាយ មិនឲ្យបងប្អូនខកបំណងឡើយ។
សូមបញ្ជាក់ថា ការសម្ដែងនៅប្រទេសកូរ៉េ គឺត្រូវចែកចេញជាពីរតំបន់ធំៗ មានដូចជា តំបន់ទី១ គឺទីក្រុងគីមហេ ថ្ងៃទី០៣ខែកុម្ភៈ និងតំបន់ទី២គឺ ទីក្រុងអាន់សាន់ ថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៩នេះ៕