(ភ្នំពេញ)៖ សូមអបអរសាទរ ក្រុមបាល់ទាត់ Mohahong All Star Football Team ដែលបានឈ្នះការប្រកួតទៀតហើយ ក្នុងជំនួបប្រកួតជាមួយក្រុម នាគអាស៊ី កាលពីម្សិលមិញនេះ ជាលទ្ធផលរកគ្រាប់បាល់បាន ៣-២ ក្នុងការប្រកួតដណ្តើមពាន KMH Champions League 2019។
សាកសម នឹងឈ្មោះ ប្រកួតមិនដែលចាញ់ ក្រុមបាល់ទាត់ Mohahong All Star Football Team របស់ផលិតកម្មមហាហង្ស មិនថាជួបការប្រកួតបែបណា គូប្រកួតខ្លាំងយ៉ាងណា គឺតែងតែប្រឹងប្រែងរកជ័យលាភីមកឲ្យក្រុមជានិច្ច។
តួយ៉ាងកាលពីម្សិលមិញនេះ ក្រុមបាល់ទាត់ មហាហង្ស បានប៉ះក្រុម នាគអាស៊ី ក្រោយពីប្រកួតយ៉ាងស្វិតស្វាញមក ជាលទ្ធផលឃើញថា ក្រុមមហាហង្ស បានរកគ្រាប់បាល់បាន ៣គ្រាប់ ចំណែកក្រុម នាគអាស៊ី បានរកគ្រាប់បាលបាន២គ្រាប់។ ហើយគិតមកដល់ពេលនេះ ក្រុមមហាហង្សបានឈ្នះការប្រកួត ២ប្រកួត បាន៦ពិន្ទុឈរលេខ១ នៅក្នុងតារាង។ ក្នុងការប្រកួតពាន KMH Champions League 2019។
បើតាមលោក អ៉ិន សុភិន បានប្រាប់ឲ្យដឹងថា ការប្រកួតម្សិលមិញនេះ គឺមានការខំប្រឹងពីសំណាក់ កីឡាករ ក្នុងក្រុមច្រើនមែនទែន រហូតទទួលបានជោគជយ ព្រោះថាការប្រកួតមួយៗ ទម្រាំជោគជយមិនងាយស្រួលទេ ទោះយ៉ាងណាកាលពីម្សិលមិញនេះ មានកីឡាករក្នុងក្រុមប្រមាណ១១នាក់រងរបួស ហើយនេះជាលើកទី១ហើយ សម្រាប់កីឡាករក្នុងក្រុម ដែលមានបញ្ហាបែបនេះ។
បើទោះបីជាការប្រកួតម្សិលមិញ បានបញ្ចប់ទៅដោយជោគជ័យក៏ពិតមែន តែមិនបានធ្វើឲ្យអ្នកគាំទ្រ ដែលទស្សនាការប្រកួត ហាក់មិនសប្បាយចិត្តដោយសារតែ ភាពលំអៀង និងគ្មានតម្លាភាព របស់អាជ្ញាកណ្តាល ក្នុងការប្រកួតនោះទេ។
ទាក់ទងទៅនឹងរឿងនេះផងដែរ លោក អ៉ិន សុភិន បានប្រាប់ឲ្យដឹងថា សម្រាប់រឿងនេះ គឺជាការមើលឃើញរបស់អ្នកទស្សនា និងអ្នកគាំទ្រផ្ទាល់ លោកមិនចង់និយាយអ្វីច្រើនទេ។ ប៉ុន្តែលោកក៏ ស្នើរឲ្យអាជ្ញាកណ្តាលគួតែមានតម្លាភាព កុំលំអៀងទៅម្ខាងៗព្រោះថាការធ្វើបែបនោះដូចជា បំបាក់ទឹកចិត្តកីឡាករ ក្នុងនាមជាអាជ្ញាកណ្តាល ត្រូវតែមានតម្លាភាព និងភាពយុត្ថិធម៌ដល់កីឡាករ ក៏ដូចជាលើកទឹកចិត្ត ដល់វិស័យកីឡាផងដែរ។
សូមជម្រាបផងដែរថា ការប្រកួតម្សិលមិញនេះ មានតារាចម្រៀង លោក គូម៉ា ,លោក ភឹម តារាវិបុល, លោក សេង មង្គល ដែលមានឈ្មោះពិតថា (ហោ គឹមសេង) ,តារាផ្សេងៗ មួយចំនួនទៀត និងក្រុមបច្ចេកទេស របស់ផលិតកម្មមហាហង្ស ផងដែរ។ ហើយបើមិនមានអ្វីប្រែប្រួលទេ ក្រុមបាល់ទាត់ Mohahong All Star និងប៉ះប្រកួត ជាមួយក្រុម អាណាចក្របៃតង នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះផងដែរ៕