(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខពីពិភពសិល្បៈភាពយន្ត អស់រយៈពេលមក លោក ហួរ សុផល ម្ចាស់ផលិតកម្ម ក្លាស៊ិក បានបង្ហាញវត្តមាននូវភាពយន្តថ្មី របស់ខ្លួន មានចំណងជើងថា «ម៉ាដាមអាប» ដែលមានរសជាតិប្លែកចំឡែកអារម្មណ៍ ធ្វើឲ្យអ្នកទស្សនា សរសើរមិនដាច់ពីមាត់ថា ពិតជាល្អមើល និងមានភាពទាក់ទាញជារឿងមុនៗ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធ នាពេលថ្មីៗនេះ ម្ចាស់ផលិតកម្ម ក្លាស៊ិកលោក ហួរ សុផល បានឲ្យដឹងថា រឿង «ម៉ាដាមអាប» គឺជាស្នាដៃទី ៨ របស់លោក ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត រហូតចំណាយពេលវេលាផលិត ដល់ទៅជាងមួយឆ្នាំ ហើយបានជ្រើសរើសយកទីតាំងថតស្អាតជាច្រើនកន្លែង ទាំងនៅខេត្តកំពត និងនៅតាមតំបន់កម្សាន្តជាច្រើន។
លោកបន្តថា រឿងនេះប្រជុំទៅដោយខ្មោចប្លែកៗពីគ្នា ទាំងខ្មោចនាងនាថ ខ្មោចដើមចេកជ្វា, ព្រះម៉ែនាគ ដែលម្នាក់ៗតុបតែងខ្លួនខុសប្លែកពីគ្នា ដែលធ្វើឲ្យសាច់រឿងទាំងមូលកាន់តែល្អមើល ហើយរឿងនេះប្រជុំទៅដោយតារាល្បីៗជាច្រើនដូចជា អ្នកនាង កាតុ, ញឹម ចាន់ថន, កញ្ញា ស៊ីស៊ី, រំដួលលិចទឹក រួមជាមួយតារាល្បីៗជាច្រើនរួបទៀត។
លោក ហួរ សុផល រំពឹងទុកថា រឿង «ម៉ាដាមអាប» នឹងផ្ទុះខ្លាំងមានអ្នកចូលរួមគាំទ្រច្រើន មិនចាញ់ស្នាដៃមុនៗរបស់លោកឡើយ។ ជាមួយនឹងក្តីរំពឹងនេះ លោក ហួរ សុផល ក៏ត្រៀមនឹងបង្ហាញស្នាដៃទី ៩ របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខផងដែរ។ នៅក្នុងថ្ងៃបើកសម្ពោធដាក់បញ្ចាំងរឿង «ម៉ាដាមអាប» ក៏មានវត្តមានសិល្បករ-សិល្បការីនីជាច្រើន ចូលរួមអបអរសាទរផងដែរ។
សូមបញ្ជាក់ថា តាមគម្រោងរឿង «ម៉ាដាមអាប» នឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ នេះបន្ទាប់ពីសម្ពោធដាក់បញ្ចាំងរួចរាល់ ដែលមានសិល្បករ-សិល្បការីនីល្បីៗជាច្រើនចូលរួមអបអរសាទរ។ នៅក្នុងថ្ងៃដាក់បញ្ចាំងនោះ បានធ្វើឱ្យអ្នកទស្សនាជាច្រើនលាន់មាត់សរសើរ ពីស្នាដៃថ្មីរបស់លោក ហួរ សុផល ថាពិតជាល្អមើលនឹងទាក់ទាញ ជាពិសេសត្រង់ឈុតខ្មោចលង ដែលមានលាយឡំជាមួយពាក្យកំប្លែង ធ្វើឲ្យផ្ទុះសំណើចពេញរោងភាពយន្តតែម្តង៕