(ភ្នំពេញ)៖ ពិតជាដំណឹងមួយ សោកសៅយ៉ាងខ្លាំង ជាពិសេសចំពោះទស្សនិកជន ដែលនិយមស្តាប់ចម្រៀងពីសង្គម ខណៈអតីតតារាចម្រៀងជើងចាស់ តាំងពីទស្សវត្សរ៍ ៦០ គឺលោកស្រី ឈុន វណ្ណា ដែលជាម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ» និងបទ «អូនស្រលាញ់តែបងម្នាក់» បានទទួលមរណភាព ដោយជរាពាធ‌‌ ក្នុងជន្មាយុ៨០ឆ្នាំ នៅទីក្រុងស្តុកតុន រដ្ខកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លោកស្រី ឈុន វណ្ណា‌ តារាចម្រៀងជើងចាស់តាំងពីទស្សវត្សរ៍ .ទី៦០‌ ម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ ឬ ទន្លេសូឡូ» ដ៏ល្បីរន្ទឺនាសម័យសង្គមរាស្រ្តនិយម បានលាចាកលោកនេះហើយ នៅវេលាម៉ោង៦ ល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ដោយជរាពាធ‌‌ ក្នុងជន្មាយុ៨០ឆ្នាំ នៅទីក្រុងស្តុកតុន រដ្ខកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សពត្រូវបានបូជាកាលពីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅស្តុកតុន ។

ជាមួយនឹងដំណឹងដ៏ក្តុកក្តួលនេះ បានធ្វើឱ្យទស្សនិកជនដែលនិយម ស្តាប់ចម្រៀងលោកស្រី ជាច្រើនមានការសោកស្តាយ ដែលបានបាត់បង់តារាចម្រៀងជើងចាស់មួយរូប ដែលមានសមត្ថភាពខ្ពស់។ ដោយក្នុងនោះ មានបទចម្រៀងល្បីៗរបស់អ្នកស្រី ឈុន វណ្ណា ជាច្រើនបានបន្សល់ទុកជាអនុស្សាវរីយ៍ដូចជាបទ «​កុក​ហើរ​តែ​ឯង», បទ «វាល​អើយ​វាល​ធំ» បទ «អូនស្រលាញ់តែបងម្នាក់» និងបទ «បឹងហ្គាវ៉ាន់សូឡូ» ជាដើម។

ចំពោះមរណភាពរបស់អតីតតារាចម្រៀងជើងចាស់ លោកស្រី ឈុន វណ្ណា នេះ Fresh News និង Khmer Talking សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមបួងសួងឱ្យវិញាណក្ខន្ធលោកស្រី ទៅកាន់សុគតិភព។