(ភ្នំពេញ)៖​ នេះគឺជាឱកាសដ៏ល្អមួយ សម្រាប់ក្រុមតន្រី្ដករនៅក្នុងប្រទេសកម្ពុជា ខណៈដែលគេបានរៀបចំកម្មវិធីប្រកួតតន្រ្ដីជាក្រុមមួយ ដ៏អស្ចារ្យ នាឆ្នាំ​២០១៩ មានឈ្មោះថា «Battle of the Bands Cambodia»។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺ ដើម្បីស្វែងរក ក៏ដូចជាលើកទឹកចិត្ត ចំពោះក្រុមតន្រ្តីករ ឲ្យបញ្ចេញសមត្ថភាព ទេពកោសល្យ របស់ពួកគេ នៅលើវេទិកាអាជីពមួយ ហើយក៏ផ្ដល់រង្វាន់ជាច្រើនទៀតផង។

ការប្រកាស ប្រកួតតន្រ្តីជាក្រុម«Battle of the Bands Cambodia» បានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅអាគារ Exchange Square ដោយមានការចូលរួមពី លោក ហាន កាវី (Han Kavie) ដែលជាប្រធាន​​របស់ក្រុមហ៊ុន Seila Record លោក អ័ន ហ្រ្គេ ជាជនជាតិអូស្រ្តាលី និង លោក កង ពិសិដ្ឋ ជាអ្នកដឹកនាំក្រុម​អ្នកលេងហ្គីតា ខណៈដែលអ្នកទាំងបី នឹងក្លាយទៅជាគណៈកម្មការ ក្នុងការវាយតម្លៃ ក្រុមតន្រ្ដី ដែលបានចូលរួម ប្រកួត។​

តារាចម្រៀង លោក កង ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា សម្រាប់ក្រុមតន្រ្តីទាំងអស់ ការប្រកួតជម្រុះ មានរយៈពេល៤ ខែ។ ក្រុមតន្រ្តីចូលរួម ក្នុងការប្រកួតទាំងអស់ ត្រូវផ្ញើទាំង សំឡេង ឬវីដេអូនៃបទចម្រៀង​ដែលជា​ស្នាដៃ​និពន្ធផ្ទាល់​រ​បស់ក្រុមខ្លួន (Original Song) ឬក៏ជាបទចម្រៀងដែលច្រៀងទ្បើងវិញ (Cover Song) ទៅកាន់កម្មវិធី«Battle of the Bands Cambodia»។

ក្រុមតន្រ្ដីទាំងអស់អាចផ្ញើរសម្លេង ឬ វីដេអូ តាមរយៈអ៊ីមែល [email protected] ដោយភ្ជាប់មក​ជាមួយនូវ​ទម្រង់ចុះ​ឈ្មោះ​ ដែលអាចរកបាននៅ លើទំព័រ Facebook ផ្លូវការ ដែលមានឈ្មោះ៖ @BattleoftheBandsKH។

សមាជិកក្រុម​ទាំងអស់ត្រូវមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ៣៥ឆ្នាំ ហើយ៥០%នៃក្រុម ត្រូវតែជាជនជាតិខ្មែរ។ ក្រុមទាំងអស់មាន​រយៈពេលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខ ដើម្បីផ្ញើវីឌីអូរបស់ពួកគេ ហើយប្រកួតចាប់ផ្តើមនៅថ្ងៃទី ២៣ និង ២៤ ខែមីនា ឆ្នាំ២០១៩ នៅ Hard Rock Café រាជធានីភ្នំពេញ។ ក្រុមតន្រ្តីអាជីពទាំងអស់ នឹងត្រូវបានសំរិតសំរាំង ដើម្បីជ្រើសរើសយកក្រុម ដែលមានសមត្ថភាព សម្រាប់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩។ វគ្គប្រកួតផ្តាច់ព្រ័ត នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ហើយតម្រូវឱ្យក្រុម ដែលបានឆ្លងកាត់មកដល់វគ្គនេះ ប្រគំនៅលើវេទិកាកម្រិត​អន្តរជាតិ។

សូមជម្រាបថា តន្រ្ដីករ ដែលទទួលបានជ័យលាភី នឹងមានឱកាសទទួល​បានកិច្ចព្រមព្រៀងថត​វីដេអូជាមួយ​ក្រុម​ហ៊ុន (Seila Records) ឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ២៥០០ដុល្លារអាមេរិក ឈ្នះទូរសព្ទដៃ IPhoneXR ចំនួនមួយគ្រឿង ការផ្តល់ជូននូវកញ្ចប់អ៊ីនធឺណេតពីក្រុមហ៊ុន Cellcard សម្រាប់សមាជិក​ក្រុមម្នាក់ៗ​ ដោយឥតគិតថ្លៃរយៈពេល១ ឆ្នាំ និងឱកាសចុះកិច្ចសន្យាប្រគំតន្រ្តីរយៈពេល៣ខែជាមួយ Hard Rock Café ដែលមានទីតាំងនៅទីរាជធានីភ្នំពេញ៕