(ភ្នំពេញ)៖ ពាក្យចាស់តែងពោលថា «ទូកទៅកំពង់នៅ» ដែលបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលមនុស្សណាម្នាក់ បានសាងស្នាដៃល្អៗជាច្រើន ទុកនៅក្នុង សង្គមជាតិរួចមកហើយនោះ ទោះបីជាបុគ្គលរូបនោះ បានចាកឆ្ងាយទៅហើយក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះ និងសមិទ្ធផល គឺនៅតែដិតដាម ជាប់ជាមួយនឹងអ្នកជំនាន់ក្រោយជារៀងរហូត ។ យ៉ាងណាមិញ តារាចម្រៀង ខេមរៈ ស្រីពៅ ថ្វីត្បិតតែនាងបានលាចាកលោកនេះ គួរឲ្យសោកស្ដាយទៅហើយក្ដី ប៉ុន្តែបទចម្រៀងរបស់នាងជាច្រើនបទ នៅតែដក់ជាប់ក្នុងអារម្មណ៍ របស់ប្រិយមិត្តអ្នកស្ដាប់ជាពិសេសអ្នកគាំទ្រ របស់នាងដដែល។
នៅថ្ងៃនេះ គេហទំព័រ Khmer Talikng និង Fresh News សូមលើកយក នូវបទចម្រៀងពីរោះៗរបស់នាងមួយចំនួន មកចែកជូនប្រិយមិត្តអ្នកស្ដាប់ ដើម្បីរំឭកនូវអនុស្សាវរីយ៍ ក៏ដូចជាស្នាដៃ ជាច្រើនដែលនាងបានបន្សល់ទុក ជូនដល់ប្រិយមិត្តអ្នកស្ដាប់ និងអ្នកគាំទ្រ។ ជាមួយគ្នានេះ ក៏សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់នាង ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
បទចម្រៀងដែលត្រូវ លើកយកមកជូនប្រិយមិត្ត សណ្ដាប់នៅពេលនេះ មានដូចជា «នៅក្បែរគេបងបានសុខអត់», «ឃើញអូនខ្លះផង», «ក្រមុំស្រុកស្រែ» និងបទ«លើសពីហ្វេនបានអត់?» និងបទច្រៀងមួយចំនួនទៀត៕