(ភ្នំពេញ)៖ ជាការពិត កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី ត្រូវបានទស្សនិកជនដឹងថា នាងគឺជាតារាសម្តែង និងពិធីការិនី ដែលមានរូបឆោមស្រស់សោភាមួយដួង កំពុងមានសន្ទុះទីផ្សារនាពេលបច្ចុប្បន្ន។ បន្ថែមពីអាជីពទាំងពីរខាងលើ នាងបានវិវត្តន៍ខ្លួនទៅជាតារាចម្រៀងឯករាជ្យ តាមរយៈបទ «ប្រច័ណ្ឌ» និងបទ «អំណាចលុយ»។ យ៉ាងណាមិញ ធ្វើជាតារាឯករាជ្យមិនទាន់បានប៉ុន្មានផង នាងក៏ត្រូវបានផលិតកម្មថោន បើកភ្លើងខៀវស្វាគមន៍ភ្លាមៗតែម្តង ដោយមិនបដិសេធ ទាន់ឪកាសល្អ នាងក៏ចូលជាសមាជិកថ្មីភ្លែត ខណៈបច្ចុប្បន្នកំពុងមានចម្រៀងមិនតិចជាង ៤បទ ដែលតារាស្រីរូបនេះត្រៀម ដើម្បីស្វាគមន៍ទស្សនិកជនក្នុងដើមឆ្នាំ ២០១៩។

បើតាមប្រភពច្បាស់ការណ៍ ដែលជាអ្នកស្និតនឹង បេប៊ី បានឱ្យដឹងតាមរយៈ សារអេឡិចត្រូនិកថា «តាមពិតទៅ បេប៊ី ត្រូវបានខាងផលិតកម្មថោន សង្កេតមើល ជាយូរមកហើយ ពីទាំងទឹកដមសំឡេង និងសន្ទុះគាំទ្រពីទស្សនិកជន ចាប់តាំងពីនាង ចេញចម្រៀងឯករាជ្យដំបូងមកម៉្លេះ រហូតនាងចេញចម្រៀងបន្ទាប់ ដែលមានចំណងជើងថា «អំណាចលុយ» ក៏ស្រាប់តែមានការផ្ទុះខ្លាំង និងធ្វើឱ្យប្រជាប្រិយភាពនាង កាន់តែល្បីជាមុនតែម្តង។ ដោយមើលឃើញការវិវត្តន៍ខ្លួន បានឆាប់រហ័ស ទឹមដមសំនៀងពិរោះ និងសម្រស់បានផងដែរ នាងក៏ត្រូវបានផលិតកម្មថោន បើកភ្លើងខៀវ ចែចូវឱ្យចូលជាសមាជិកតែម្តង ខណៈ បេប៊ី ក៏កំពុងរងចាំឪកាសនេះជាយូរមកហើយនោះ»

ប្រភពដដែលបានបន្តថា «បើទោះបីជាពេលនេះ នាងកំពុងមានអាជីពច្រើននៅក្នុងដៃ ទាំងការសម្តែងភាពយន្ត ពិធីការិនី និងតារាចម្រៀងជាប់កុងត្រា ជាមួយផលិតកម្មថោនក្តី តែចំពោះបរិបទនៃការងារ ហាក់មិនមានបញ្ហាអ្វីគួរឱ្យព្រួយបារម្ភខ្លាំងនោះទេ ព្រោះ បេប៊ី និងផលិតកម្មថោន បានចរចារណ៍គ្នារួចហើយ មុននឹងចុះកុងត្រា ធ្វើជាតារាក្រោមទ្រនំថោន។ ទោះបែបនេះក្តី សម្រាប់ការសម្តែងរឿង នាងមិនមានសេរីភាពសម្រេចខ្លួនឯងដូចមុននោះទេ ព្រោះត្រូវមានការអនុញ្ញាតពីផលិតកម្មសិន ទើបអាចទទួលថតបាន ខណៈការធ្វើពិធីការនីនៅ ស្ថានីយទូរទស្សន៍ CTN មិនថ្វីនោះទេ»

បើតាមការកត់សម្គាល់ ចាប់តាំងពីធ្វើជាតារាចម្រៀងពេញសិទ្ធក្នុងផលិតកម្មថោនមក បេប៊ី ត្រូវបានគេដឹងថា នាងកំពុងតែមមាញឹកខ្លាំង ក្នុងការហាត់ពត់សំឡេង ជាមួយនឹងបទចម្រៀងថ្មីៗ ចំនួន៤បទ ដែលផលិតកម្មដាក់ឱ្យ ក្នុងនោះមានទាំងប្រភេទបទ បែបមនោសញ្ចេតនា កម្សត់ និងញាក់កន្ត្រាក់អារម្មណ៍។ ងាកមកទស្សនិកជន ពួកគេកំពុងរងចាំមើល ថាតើចម្រៀងរបស់ បេប៊ី ក្នុងផលិតកម្មថោន នឹងត្រូវបញ្ចេញនៅពេលណា ហើយមានសន្ទុះគាំទ្រកម្រិតណាស់ បើធៀបទៅនឹងចម្រៀងឯករាជ្យរបស់នាង៕