(ភ្នំពេញ)៖ បទចម្រៀងស្នាដៃកូនខ្មែរ ក្រោមចំណងជើងថា «ក្រុមមួយ ក្តីស្រមៃតែមួយ» ឆ្លុះបញ្ចាំងពីសាមគ្គីភាពដែលប្រៀបដូចក្រុមគ្រួសារតែមួយ ក្នុងចំណោមសមាជិកក្លឹបបឹងកេតអែហ្វស៊ីទាំងអស់ ឆ្ពោះទៅកាន់គោលដៅជោគជ័យជាមួយគ្នា។ នេះបើតាមអត្ថន័យចម្រៀង​ដែលទើបចេញលើបណ្ដាញ YouTube។

បទចម្រៀងថ្មីនេះ ត្រូវបានក្លឹបបាល់ទាត់បឹងកេត បង្ហោះនៅលើគណនី YouTube នារសៀលថ្ងៃអង្គារ ទី២២ ខែមករា ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ ដែលនិពន្ធ និងច្រៀងដោយតារាចម្រៀង Original Song របស់លោក Shutter។

គួរដឹងទៀតថា លោក បែ មករា អ្នកចាត់ការក្លឹបបឹងកេត ក៏បានពន្យល់បន្ថែមផងដែរថា «បទនេះ យើងបានរៀបចំរយៈពេលច្រើនខែមកហើយសម្រាប់រដូវកាលថ្មីហ្នឹង។ យើងធ្វើដើម្បីលើកទឹកចិត្តកីឡាករក្រុមរបស់យើង និងអ្នកគាំទ្រ។ ក្រុមយើងមានគោលដៅតែមួយ មានក្ដីស្រមៃតែមួយ។ ចឹងធ្វើដំណើរទាំងអស់គ្នាទៅកាន់គោលដៅនេះទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រ គឺធ្វើដំណើរតស៊ូជាមួយគ្នា ទោះមានឧបសគ្គអីក៏ដោយ»

គួរបញ្ជាក់ផងដែរថា បឹងកេត បានឈានជើងមកកាន់ក្របខណ្ឌលីគកំពូលលើកដំបូងនៅឆ្នាំ២០១២ និងក្រសោបបានជើងឯក​នៅឆ្នាំដដែលនោះតែម្ដង។ លោក មករា បានបង្ហើបដែរថា ក្លឹបក៏គ្រោងចេញបទចម្រៀងបែបញាក់ សម្រាប់អ្នកគាំទ្រស្រែកហ៊ោនៅពេលប្រកួតទៀតផង៕