(ថៃ)៖ ទស្សនិកជនជាច្រើន បានសម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង ពេលទទួលដំណឹងមិនគួរឱ្យជឿមួយ ដោយគូដណ្តឹងរបស់ តួសម្តែងស្រី ក្នុងរឿង «បុព្វេសន្និវាស» កញ្ញា ម៉ាលី បានទទួលមរណភាព ចាកចោលនាងគ្មានថ្ងៃត្រឡប់។ តារាស្រីរូបនេះ ត្រូវបានគេដឹងថា បានស្រឡាញ់ ស្វែងយល់ចិត្តគ្នាជាមួយគូដណ្តឹងរយៈពេល ៧ឆ្នាំមកហើយ និងជិតដល់ថ្ងៃមង្គលការឆាប់ៗនេះទៀតផង តែព្រហ្មលិខិតបែរជា តម្រូវឱ្យអ្នកទាំងពីរជួបគ្នាតែត្រឹមហ្នឹងទៅវិញ។
ជាក់ស្តែង ថ្មីៗនេះ កញ្ញា ម៉ាលី ដែលមានឈ្មោះពិត ហៅថា Susira Angelina បានបង្ហោះសំណេរយ៉ាងច្រើន ក្នុងបណ្តាញសង្គម បង្កឱ្យអ្នកគាំទ្រមានការសោកស្តាយ និងអាណិតអាសូរដល់នាងគ្រប់ៗគ្នា ខណៈសារទាំងនោះ គឺពោរពេញដោយទុក្ខសោកក្រៀមក្រំ ចំពោះការស្លាប់របស់គូដណ្ដឹង ជាទីស្រឡាញ់គឺលោក Chris Topher។ តាមរយៈសារជាភាសាអង់គ្លេសដែលតួអង្គនាង ម៉ាលី ក្នុងរឿង «បុព្វេសន្និវាស» បានបង្ហោះលើ IG របស់ខ្លួន ក៏ដូចជាក្នុង ហ្វេសប៊ុក គឺជាសារសម្រាប់អ្នកគាំទ្រ និងបង្ហាញនូវលក្ខណៈសម្បតិ្តជាច្រើនរបស់គូដណ្ដឹងដោយនាងបញ្ជាក់ថា លោក Chris គឺជាបុរសដ៏ល្អខ្លាំងណាស់ ហើយលោកក៏ជាមនុស្សម្នាក់ ដែលមានទឹកចិត្តល្អ ចំពោះមនុស្សគ្រប់គ្នានៅជុំវិញខ្លួន ដែលនាងមិនធ្លាប់ជួបពីមុនមកផងដែរ។
ជាមួយគ្នានេះ ចំពោះការស្លាប់របស់ លោក Chris Topher គូដណ្តឹងរបស់ តារាសម្តែងស្រី Susira Angelina មកទល់នឹងពេលនេះ នៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ តែយ៉ាងណា ទស្សនិកជនបាននាំគ្នា ចូលរួមសោកស្តាយចំពោះកញ្ញា Susira Angelina ដែលបាត់បង់មនុស្សជាទីស្រឡាញ់ និងបួងសួងឱ្យគូដណ្តឹងនាង ទៅកាន់សុខគតិភពផងដែរ៕