(អាមេរិក)៖ កណ្តឹងអាពាហ៍ពិពាហ៏នឹងត្រូវបានរោទិ៍ឡើងនាពេលឆាប់ៗខាងមុខនេះ សម្រាប់ Kylie Jenner និង Travis Scott ដែលដំណឹងនេះពិតជាធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេរំភើបចិត្តយ៉ាងខ្លាំង។
ម្ចាស់ក្រុមហ៊ុន Kylie Cosmetics និងមិត្តប្រុសរបស់នាង ដែលជាឪពុកកូនស្រី Stormi អាយុ១១ខែ ពេលនេះអ្នកទាំងពីរកំពុងសម្លឹងរកមើលផ្លូវដើរនាពេលអនាគត ប៉ុន្តែទោះជាយ៉ាងណា Kylie នៅតែប្រុងប្រយ័ត្នចំពោះរឿងនេះ ព្រោះតែនាងធ្លាប់ឃើញស្នេហារបស់បងប្អូននាងបរាជ័យម្តងទៅហើយ។
តារាស្រីរូបនេះតែងប្រើជីវិតរស់នៅដោយការជឿជាក់ជាមួយ Travis Scott បន្ទាប់ពីពួកគេចាប់ផ្តើមមានទំនាក់ទំនងស្នេហាក្នុងខែមេសា ឆ្នាំ២០១៧ ហើយបានស្វាគមន៍កំណើតកូនស្រី Stormi នៅខែកុម្ភៈ ឆ្នាំ២០១៨។
Scott ធ្លាប់បាននិយាយទៅកាន់ Rolling Stone ថា លោកនិង Kylie នឹងរៀបការឆាប់ៗ ព្រោះលោកត្រូវការនាងបំផុត និងចង់ឲ្យគ្រួសារមានភាពរឹងមាំឡើង។
តារាចម្រៀងរ៉េបរូបនេះបង្ហាញក្តីសង្ឃឹមដំបូងថា លោកនឹងមានកូនប្រុសម្នាក់ ស្រាប់តែទទួលបានកូនស្រីទៅវិញ ប៉ុន្តែ Stormi បានផ្លាស់ប្តូរអារម្មណ៍របស់លោក ហើយនាងគឺជាសុភមង្គលក្នុងជីវិតគ្រួសារមួយនេះ៕