(ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយនេះ ជំងឺបាក់ទឹកចិត្ត ឬហៅថា «Depression» ហាក់កំពុងតែវាយលុក និងជះឥទ្ធិពលកាន់តែខ្លាំង ទៅលើស្មារតីរបស់មនុស្សជាច្រើន ឲ្យមានវិបត្តិផ្លូវចិត្ត ហើយអាចឈានដល់ការ បញ្ចប់ជិវិតខ្លួនឯងទៀត។ យ៉ាងណាមិញ ដោយសង្កេតឃើញបញ្ហានេះ គ្មានស្រាកស្រាន្ត ពិធីការិនី និងជាតារាសម្ដែងល្បីឈ្មោះ ណា សាឌី បានធ្វើវីដេអូ លើកទឹកចិត្តដល់អ្នកដែលកំពុងតែមាន ជាពិសេសនោះ នាងបានធ្វើការរៀបរាបពី វិធីកាត់បន្ថយ ធ្វើយ៉ាងកុំឲ្យជំងឺដ៏កាចសាហាវមួយនេះ មកយាយីលើអនាគត របស់អ្នកទាំងអស់គ្នាបាន។
ពិធីការិនី ណា សាឌី បានលើកឡើងថា ជំងឺ «Depression» នេះកាចសាហាវ តែយ៉ាងណាវានៅតែអាចព្យាបាលបាន។
ហើយកញ្ញាថា «- ព្យាយាមនៅឲ្យឆ្ងាយពីមនុស្សដែលចូលចិត្តដាក់សម្ពាធ លើអ្នក - ធ្វើអ្វីដែលយើងស្រឡាញ់ -កុំស្ដាប់ចម្រៀងដែលកំសត់ក្រៀមក្រំ -ព្យាយាមស្ដាប់ភ្លេងដែលធ្វើឲ្យខ្លួនឯងសប្បាយ -ព្យាយាមយ៉ាងណាកុំឲ្យខ្លួនឯងគិតច្រើន» ។ បន្ថែមពីនេះ ស្រីស្រស់ ណា សាឌី ចង់ឲ្យអ្នកមានជំងឺបាក់ទឹកចិត្ត ឬហៅថា «Depression» ឲ្យចាត់ទុកឧបសគ្គ គ្រាន់តែមកលេងអ្នកមួយភ្លែត បន្តិចក្រោយមកប្រាកដជាគ្រប់យ៉ាងល្អវិញមិនខាន កុំចុះចាញ់នឹងរឿងរ៉ាវទាំងនោះ។
លើសពីនេះ ណា សាឌី លើកទឹកចិត្តដល់អ្នកដែលកំពុងនឹងកើតមានជំងឺ «បាក់ទឹកចិត្ត» ព្យាយាមចូលរួមជាមួយសង្គម រស់នៅជាមួយនឹងមនុស្សដែលតែងតែលើកទឹកចិត្ត និងស្វែងរកទីប្រឹក្សា ឬនរណាម្នាក់ ឬមិត្តភិក្ដនិយាយរឿងពិបាកចិត្ត របស់ខ្លួនចេញមកឲ្យអស់ ដើម្បីបានធូរទ្រូង ជាពិសេសនោះកុំទុកខ្លួនឯងឲ្យនៅតែម្នាក់ឯង។
ចុងក្រោយ ណា សាឌី បានលើកទឹកចិត្តបន្ថែមដល់ យុវវ័យទាំងអស់ដែលកំពុងតែមានឧបសគ្គ នៅក្នុងជីវិត ឲ្យតស៊ូកុំរាថយ បញ្ហាទាំងអស់នេះហើយដែលធ្វើឲ្យអ្នក អាចមានជំងឺបាក់ទឹកចិត្តបាន។ ដូច្នេះហើយ ត្រូវព្យាយាមដោះស្រាយកុំចុះចាញ់ ដើម្បីធ្វើឲ្យជីវិតយើង ជៀសឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះបាន។
ចង់ដឹងថា ណា សាឌី និយាយអ្វីខ្លះទៀត សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ទាំងអស់គ្នា ដើម្បីយល់ដឹងខ្លះៗ ក៏ដូចជាកុំឲ្យខ្លួនធ្លាក់ចូលក្នុងជំងឺ «Depression»៖