(ភ្នំពេញ)៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ដេស្រីស្រស់កូនកាន់ចិន អ៊ីវ៉ា ទោះបីជាមួយរយៈចុងក្រោយនេះ ហាក់មិនសូវមានបទមច្រៀងថ្មីៗ ដើម្បីកំដរអារម្មណ៍ ប្រិយមិត្តទស្សនិកជនក៏ពិតមែន តែប្រជាប្រិយភាពរបស់ស្រីស្រស់រូបនេះ នៅតែមានការគាំទ្រច្រើនពីទស្សនិកជន ខ្លាំងដដែល។ ដោយឡែកថ្មីៗនេះ ប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំង ទៅលើកញ្ញា អ៊ីវ៉ា ខណៈដែលក្រៅពីអាចបកស្រាយ បទចម្រៀងបែបសម័យបានយ៉ាងពីរោះ ទាក់បេះដូងគាំទ្រច្រើន និងមិត្តៗយុវវ័យឲ្យលន្លង់លន្លោចហើយនោះ ស្រាប់តែថ្មីៗ តារាចម្រៀងរាងតូចច្រឡឹង អ៊ីវ៉ា នៅមានទេពកោសល្យ អាចបកស្រាយបទចម្រៀងបែបប្រពៃណីខ្មែរ (ភ្លេងការ) បានយ៉ាងពីរោះរណ្ដំចិត្ត ថែមមួយកម្រិតទៀត។
ជាការពិតណាស់ កញ្ញា អ៊ីវ៉ា បានបង្ហោះវីដេអូ ដែលរូបនាងបានធ្វើការបកស្រាយ បទចម្រៀងមួយបទដែលមានចំណងជើងថា «ស្រណោះសត្វត្រយ៉ង» ដែលជាបទចម្រៀងបែបភ្លេងការ ។ ចំពោះការប្ដូររសជាតិ មកបកស្រាយនូវចម្រៀងបែបភ្លេង ការវិញម្ដង ក្រោមចំណងជើង «ស្រណោះសត្វត្រយ៉ង» នេះ កញ្ញា អ៊ីវ៉ា បានរំលេចនូវទឹកដម សំឡេងយ៉ាងស្រទន់ពីរោះលន្លង់លន្លោច ជ្រាបដល់ដួងចិត្តទស្សនិកជន ឲ្យទោរទន់ទៅតាមបទចម្រៀងតែម្ដង។ មិនតែប៉ុណ្ណោះ អ៊ីវ៉ា នៅលើកឡើងថា នេះនាងគ្រាន់តែ រំឭកឡើងវិញបន្តិចបន្តួចប៉ុណ្ណោះ ព្រោះខានបកស្រាយ យូរភ្លេចចង់អស់ហើយ។
យ៉ាងណាមិញ ប្រិយមិត្តទស្សនិកជនជាច្រើន បានធ្វើការកោតសរសើរ នូវទេពកោសល្យ ក៏ដូចជាទឹកដមសំឡេង របស់កញ្ញា អ៊ីវ៉ា ជាពិសេសនោះ មិននឹកស្មានថា បកស្រាយបទបែបសម័យបានយ៉ាងពីរោះ ហើយថែមទាំងអាចបកស្រាយបទភ្លេងការ បានយ៉ាងល្អថែមទៀតផង។
តោះ! ចង់ដឹងថា កញ្ញា អ៊ីវ៉ា បកស្រាយបទភ្លេងការបានពីរោះ និងប្លែកពីការបកស្រាយបទសម័យកម្រិតណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ ក៏ដូចជារីករាយទស្សនា នូវវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖