(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចឮថា អ្នកនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក យឹម តាស្រង់ បានដើរចេញពីទ្រនំ ដែលខ្លួនបានជ្រកកោន យូរឆ្នាំនេះ ខណៈដែលពេលនេះ ម្ចាស់សាមីខ្លួន ក៏បានបញ្ជាក់ច្បាស់ហើយថា រូបលោក ពិតជាបានចាកចេញពី ផលិតកម្មមួយនេះ អស់រយៈពេល ៤-៥ ខែមកហើយ ដោយលោកបានអះអាងថា មិនមានការអាក់អន់ ស្រពន់ចិត្ត និងម្ចាស់ផលិតកម្មឡើយ។
ជាការពិត កវីនិពន្ធល្បីលោក យឹម តាស្រង់ បានថ្លែងប្រាប់ Khmer Talking តាមរយៈសារអេឡិចត្រូនិច ឲ្យដឹងថា «លោកមិនមានបញ្ហា អ្វីទាំងអស់ ជាមួយនឹង ផលិតកម្មថោន ហើយម្យ៉ាងវិញទៀត លោកនៅក្នុងសិល្បៈជិត ១៨ឆ្នាំមកហើយ លោកចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ។ ចំណែកឯការងារ នៅក្នុងផលិតកម្មថោន គឺរូបលោកក៏បានធ្វើការឲ្យផលិតកម្មមួយនេះ ក៏ជិត១០ឆ្នាំ មកហើយដែរ ដូច្នេះហើយ រូបលោកផ្ទាល់ក៏មានការធុញថប់ ទើបលោកចង់បង្កើត ជាអាជីវកម្មខ្លួនឯងផងដែរ»។
យ៉ាងណាមិញ ក្រោយពីចាកចេញ ពីផលិតកម្ម ដែលខ្លួនបានជ្រកកោន អស់រយៈពេលជាង ១០ឆ្នាំនេះ រយៈពេលជិត៥ខែ មកនេះ លោក យឹម តាស្រង់ បានងាកទៅបើកក្រុមហ៊ុន ផ្ទាល់ខ្លួន ដែលជាក្រុមហ៊ុន ផ្ដោតសំខាន់ទៅលើចម្រៀង កំប្លែងៗ និងកម្មវិធីកម្សាន្ត នានាផ្សេងៗ ដោយមានឈ្មោះថា «Home Music»។ ដោយឡែកចំពោះការ បើកក្រុមហ៊ុនថ្មីផ្ទាល់ខ្លួននេះ លោក យឹម តាស្រង់ ក៏បានបញ្ជាក់បន្ថែមថា លោក មិនបាន តាំងចិត្ត ចង់ប្រកួតប្រជែង នឹងក្រុមហ៊ុន ឬផលិតកម្មណានោះឡើយ ដោយលោកធ្វើវាឡើង ដោយខ្លួនឯង តាមក្ដីស្រលាញ់ និងចំណង់ចំណូលចិត្តប៉ុណ្ណោះ។
ជាមួយគ្នានេះ សម្រាប់តារាចម្រៀង នៅក្នុងក្រុមហ៊ុន ឬផលិតកម្មថ្មី របស់លោក យឹម តាស្រង់ ឈ្មោះថា «Home Music» នេះ គឺរូបលោក បានប្រមូលផ្ដុះទៅដោយតារាដែលមានឈ្មោះបោះសំឡេង ល្បីៗជាច្រើនរូបដែរ ក្នុងនោះមាន ដូចជា អ្នកនាង រ័ត្ន រចនា កុមារា ធឿន បុរី និងមានតារាជាច្រើនរូបទៀតផងដែរ ដើម្បីធ្វើឲ្យផលិតកម្មថ្មីរបស់លោក ទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រ។
គួរបញ្ជាក់ថា លោក យឹម តាស្រង់ ជាអ្នកនិពន្ធ ដែលមានកេរ្តិ៍ឈ្មោះល្បី ក៏ដូចជាមានស្នាដៃច្រើន នៅក្នុងផលិតកម្មថោន អាចនិយាយបានថា លោកក៏ជាចំណែកមួយដ៏ធំ ដែលធ្វើឲ្យ ផលិតកម្មមួយនេះ មានកេរ្តិ៍ឈ្មោះល្បី រហូតមានតារាល្បីៗជាច្រើនដួង ងាកមកចាប់អារម្មណ៍ លើផលិតកម្មថោន នេះផងដែរ៕