(ឆេក)៖ កីឡាករចាំទី Petr Cech របស់សារធារណរដ្ឋឆេក បានប្រកាសជុំវិញដំណឹងចូលនិវត្តន៍ជាផ្លូវការរបស់ខ្លួន ដែលនឹងត្រៀមធ្វើឡើងនាបញ្ចប់រដូវកាលឆ្នាំ២០១៨-២០១៩ នេះ ស្ថិតក្នុងវ័យ ៣៦ឆ្នាំ។ អ្នកចាំទីកម្ពស់ ១.៩៦ម៉ែត្រ បានចាយពេលជាង ១៥ឆ្នាំ រួមរស់នៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដោយលេងជាមួយក្លឹបតោខៀវ Chelsea ដំបូងគេចាប់តាំងពីឆ្នាំ២០០៤។

ក្នុងឆ្នាំ២០១៥ Petr Cech បានផ្លាស់ទៅលេងឲ្យក្លឹប Arsenal មកដល់ពេលបច្ចុប្បន្នឆ្នាំ២០១៩ នេះ។ យ៉ាងណាមិញអ្នកចាំទីដៃស្អិត ថ្វីបើត្រូវចាកចេញនាចុងរដូវកាលឆ្នាំ២០១៨-២០១៩ គិតត្រឹមពេលបច្ចុប្បន្ននេះ Petr Cech បានរក្សាកំណត់ត្រាក្នុងប្រវត្តិសាស្រ្តដ៏ល្អមួយនៅ Premier League ជាអ្នកចាំទីដែលអាចសង្គ្រោះបាល់ (Clean Sheets) បានច្រើនបំផុត ពោលមានដល់ទៅ ២០២លើកឈរលេខ១ និងលេខរៀងទី២ កីឡាករ David James មាន ១៦៩លើក និង Mark Schwarzer មាន ១៥១លើក។

ក្នុងនោះ Pepe Reina អតីតអ្នកចាំទីដៃស្អិតរបស់ក្លឹបហង្សក្រហម ឈរលេខ៦ មាន ១៣៤លើក ខណៈវីរបុរសបិសាចក្រហម Edin van der Sar មាន ១៣២លើកស្មើជាមួយ Tim Howard និង Brad Friedel ក្នុងចំណោមអ្នកទាំង១០ នៅសល់តែ Cech មួយប៉ុណ្ណោះ ដែលមិនទាន់ចូលនិវត្តន៍បែបនេះ អ្នកជំនាន់ក្រោយក៏ពិបាកនឹងអាចតាមទាន់កំណត់ត្រាដ៏អស្ចារ្យនេះបានដែរ៕