(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះថៃ Customs United ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិនាថ្ងៃអង្គារ ទី១៥ ខែមករា ដើម្បីបន្ដកំណត់ត្រាឈ្នះរបស់ខ្លួនក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់ Pre-Season Tour នៅប្រទេសថៃ។

នេះគឺជាជ័យជម្នះទី៣ ក្នុងចំណោម ៤ប្រកួត ក្រោយស្មើម្ដងកាលពីជួបក្រុម Customs United លើកទី១ ក្នុងលទ្ធផល ១-១។ តែល្ងាចមិញ ក្រុមទាំងពីរបានព្យាយាមបង្ហាញទម្រង់លេងយ៉ាងល្អរៀងៗខ្លួន តែចុងក្រោយត្រូវបានកីឡាករក្រុមលេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ វិសាខា បំប៉ោងសំណាញ់ទី ១គ្រាប់នៅនាទី៥៥ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ បន្ទាប់ពីក្រុមម្ចាស់ផ្ទះព្យាយាមវាយបកមិនបានសម្រេច។

បន្ទាប់ពីជួបក្រុម Customs United ក្រុមលោក ហុក សុជីវ័ន នឹងបន្ដជួបក្រុមទើបធ្លាក់ពីលីគកំពូលថៃ ១ប្រកួតទៀត នាល្ងាចថ្ងៃទី១៦ ខែមករានេះ ពោលគឺជួបក្រុម Air Force United។ ការប្រកួតនេះ នឹងធ្វើឡើងនៅទឹកដីរបស់ក្រុម Air Force United ស្របពេលកីឡាករបស់ក្រុមវិសាខា នៅតែរំពឹងក្រុមខ្លួននឹងធ្វើបានល្អ ដើម្បីជាបទពិសោធន៍ សម្រាប់ត្រៀមជួយក្រុមក្នុងរដូវកាលថ្មី ទាំងលីគ និងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ខាងមុខ៕