(ភ្នំពេញ)៖ តាមការប្រកាសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក (Khmer Swimming Federation) ដែលមានលោក ហែម គីរី ជាអគ្គលេខាធិការបានបង្ហាញជាផ្លូវការនូវគម្រោងការងារក្នុងស្រុកសម្រាប់ឆ្នាំ២០១៩ ដោយមាន ចំនួន៨ ព្រឹត្តិការណ៍ផ្សេងគ្នា ដែលជាគោលបំណងយ៉ាងធំរបស់សហព័ន្ធដែលចាប់ផ្ដើមពីដើមខែកុម្ភៈ ខាងមុខនេះតទៅ។

លោកបន្តថា ឆ្នាំនេះសហព័ន្ធបានរៀបចំកម្មវិធីនានារួចរាល់អស់ហើយ ក្នុងការរៀបចំនៅគម្រោងក្នុងការចំណាយ លើការងារទាំង៨ព្រឹត្តិការណ៍នេះ។

សម្រាប់ព្រឹត្តិការណ៍ទាំងអស់នឹងចាប់ផ្ដើមពីខែកុម្ភៈ ក្នុងនោះសម្រាប់ព្រឹត្តិការណ៍ទី១ សហព័ន្ធនឹងរៀបចំការ ប្រកួតដណ្ដើមពានរង្វាន់ «ព្រឹទ្ធាចារ្យហែម ថុន» លក្ខណៈបើកទូលាយដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ។

ព្រឹត្តិការណ៍ទី២ នាខែមេសា ចាប់ថ្ងៃទី២-៤ សហព័ន្ធនិងរៀបចំបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសហែលទឹក ដែលវគ្គដ៏សំខាន់នេះនឹងធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំពោះព្រឹត្តិការណ៍ទី៣ ចាប់ពីថ្ងៃទី៥-៦ ខែដដែលសហព័ន្ធនឹងរៀបចំការប្រកួតដណ្ដើមពានរង្វាន់ SCG ហើយនេះជាការប្រកួតតម្រង់ទិសលើយុវជន ដែលមានទីតាំងនៅពហុកីឡដ្ឋានមរតកតេជោ។

ព្រឹត្តិការណ៍ទី៤ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥-៣០ ខែមិថុនា សហព័ន្ធខ្មែរកីឡាហែលទឹករបស់កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ (43rd South East Asia Age Group Swimming Championship 2019) ដែលជាការប្រកួតធ្វើនៅពហុកីឡដ្ឋានមរតកតេជោ។

ព្រឹត្តិការណ៍ទី៥ នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំដដែលនឹងមានកម្មវិធីប្រកួតដណ្ដើមជើងឯកសម្ដេចក្រឡាហោមស ខេង លើកទី៦ ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ ចាប់ពីថ្ងៃទី៣-៥ ខែតុលា គឺជាព្រឹត្តិការណ៍ទី៦ ការប្រកួតប្រជែងជ្រើរើសជើងឯកថ្នាក់ជាតិ ស្ថិតក្រោមគម្រោងថវិកា របស់ក្រសួងអប់រំយុវជន និងកីឡានឹងមានការប្រកួតលក្ខណៈបើកទូលាយ ហើយកីឡាករ-កីឡាការិនីគ្រប់វ័យ ទាំងអស់អាចចូលរួមប្រកួតបាន។

ដោយឡែកព្រឹត្តិការណ៍ទី៧ ចាប់ពីថ្ងៃទី១០-១២ ខែតុលា កម្មវិធីហែលទឹកពិភពលោក (FINA World Aquatic Day) ព្រឹត្តិការណ៍នេះនឹងធ្វើនៅរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលហែលទឹកតេជោសែន នាខេត្តកំពង់ចាម ហើយសម្រាប់ព្រឹត្តិការណ៍ទី៨ ដែលនឹងធ្វើនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៩ នោះគឺជាព្រឹត្តិការណ៍ ប្រកួតដណ្ដើមពានរង្វាន់តេជោសែនលើកទី៥ ដែលមានទីតាំងធ្វើនៅមជ្ឈមណ្ឌលកីឡាហែលទឹក តេជោសែន នាខេត្តកំពង់ចាម៕