(ភ្នំពេញ)៖ កាលពីម្សិលមិញនេះ ពោលគឺថ្ងៃទី១៣ ខែមករា កំពូលតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រារព្ធធ្វើពិធី ជួបជុំអ្នកគាំទ្រ ដើម្បីអបអរគម្រប់ខួប១៥ឆ្នាំ ដែលនាងបានឈានជើងចូលវិថីសិល្បៈ។ ក្នុងនោះ ក្នុងពិធីគម្រប់ខួប១៥ឆ្នាំរបស់តារចម្រៀងស្រីរូបនេះ ពោរពេញដោយបរិយាកាស សប្បាយរីករាយ គួរឲ្យចាប់អារម្មណ៍។
ជាការពិត តាមរយៈវីដេអូ និងរូបភាពជាច្រើនសន្លឹក ដែលអ្នកនាង ពេជ្រ សោភា បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់នាង ពិតជាពិសេស ជាមួយនឹងការរៀបចំ នំខេកយ៉ាងធំ និងមានការចូលរួមយ៉ាងច្រើន ពីសំណាក់អ្នកជិតស្និទ្ធរបស់នាងជាច្រើន ដែលរឹតតែធ្វើឲ្យកម្មវិធីរបស់តារាស្រីរូបនេះ កាន់តែមានភាពអ៊ូអរ ពោរពេញទៅដោយ បរិយាកាសសប្បាយរីករាយ ជាខ្លាំង ។ ជាមួយគ្នានេះ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះ រូបថតរបស់នាងជាច្រើនសន្លឹក ដែលមានចាប់តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ដែលជាពេល នាងចាប់ផ្តើមប្រឡូកក្នុងសិល្បៈ រហូតមកទល់ពេលបច្ចុប្បន្ន។
ក្នុងនោះ ពេជ្រ សោភា ក៏បានបង្ហាញ ពីអារម្មណ៍ដែលនាងបានឈានជើងចូលសិល្បៈដំបូង ត្រឹមជាក្មេងស្រីក្រីក្រម្នាក់ តែនាងមានឱកាស បានក្លាយជាតារាចម្រៀង ដ៏មានឈ្មោះបោះសំឡេង និងមានប្រិយមិត្ត ទស្សនិកជនគាំទ្រច្រើន យ៉ាងច្រើនសន្ធឹកសន្ធាប់។
គួរបញ្ជាក់ថា អ្នកនាង ពេជ្រ សោភា បានប្រឡូកចូលក្នុងសិល្បៈតាំងពីឆ្នាំ ២០០៤ ដែលគិតមកដល់ពេលបច្ចុប្បន្ន មានរយៈពេល១៥ ឆ្នាំហើយ ដែលតារាស្រីរូបនេះ បានឈានជើងចូល វិថីសិល្បៈ តែនាងនៅតែអាចរក្សាបានប្រជាប្រិយភាព និងអាចឈរជើងនៅក្នុងសិល្បៈ ឲ្យកាន់តែល្បីល្បាញឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជានាងធ្លាប់ឆ្លងកាត់អាពាហ៍ពិពាហ៍ រហូតធ្លាក់ខ្លួនជាអ្នកមេម៉ាយ ដល់សព្វថ្ងៃនេះទៅហើយក្ដី៕