(ភ្នំពេញ)៖ តារាចម្រៀងដើមទ្រូងធំមូលក្លំទ្រលុកទ្រលន់ រតនៈ ពិសី បាន​ឡើងយន្ដហោះ ​កាលពីពេលថ្មីៗនេះ ដើម្បីទៅច្រៀង និងសម្ដែងក្នុងកម្មវិធីជប់លៀងមួយរបស់លោកឧកញ៉ាម្នាក់ នៅប្រទេសសិង្ហបុរី ដោយក្នុងនោះនាងបានត្រៀមបទចម្រៀងចំនួន១៣បទ ដែលសុទ្ធជាបទភាសាបរទេស រួមមានភាសាចិន ចំនួន៨ បទ និងភាសាអង់គ្លេសចំនួន៥បទ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺកម្មវិធីខួបកំណើត និងពិធីជប់លៀងនោះ គឺបានអញ្ជើញភ្ញៀវ ពីប្រទេសកម្ពុជាទៅច្រើន ដោយមានទាំងមន្ត្រីតូចធំមួយចំនួនផងដែរ។

មុនពេលចេញដំណើរ តារាចម្រៀង រតនៈ ពិសី បានថ្លែងឲ្យដឹងថា ចំពោះមូលហេតុដែលលោកឧកញ៉ា មិនហៅតារាល្បីៗលំដាប់កំពូលទៅច្រៀង ហើយយកតារាល្បីល្មមៗទៅនោះ គឺកម្មវិធីទាំងមូល គេតម្រូវឲ្យតារាខ្មែរ ទាំងអស់ច្រៀងជាភាសាបរទេស ហើយក្នុងនោះ នាងបានត្រៀមបទចម្រៀងជាភាសាចិន ៨បទ និងបទជាភាសាអង់គ្លេស ៥បទ។

រតនៈ ពីសី ថ្លែងថា «ខ្ញុំត្រូវច្រៀងនៅយប់ថ្ងៃទី១៣ ខែមករា ហ្នឹង ហើយនៅយប់​ថ្ងៃទី១២នេះ ពេលទៅដល់​គេជូនដើរលេង ហើយនៅថ្ងៃទី១៤ មុនមកវិញ ក៏គេជូនដើរលេងដែរ។ នេះជាលើកទី៣ហើយសម្រាប់ខ្ញុំ ក្នុងការចេញទៅប្រទេសសិង្ហបុរីហ្នឹង»

រតនៈ ពិសី បានឲ្យដឹងថា ក្រោយពេលត្រឡប់វិលមកពីការច្រៀងសម្ដែង នៅប្រទេសសិង្ហបុរី នេះ នៅនៅអំឡុងចុងខែកុម្ភៈ ឬដើមខែមីនា នាងត្រៀមចេញទៅច្រៀងសម្ដែង នៅប្រទេសអូស្រា្ដលី ហើយវិលវិញ ត្រៀមចេញទៅច្រៀងសម្ដែងនៅប៉ែកអឺរ៉ុប ដល់ទៅ១១ប្រទេសទៀត​ក្នុងឆ្នាំ២០១៩នេះ។

តារាចម្រៀងរតនៈ ពិសី ក៏បង្ហើបឲ្យដឹងដែរថា ចំពោះតម្លៃខ្លួនដែលនាងច្រៀង១យប់ ក្នុងកម្មវិធីជប់លៀងកូនលោកម្នាក់ រៀនចប់ថ្នាក់បរិញ្ញាប័ត្រនៅសិង្ហបុរី នេះ នាងត្រូវម្ចាស់កម្មវិធីជូនថ្លៃខ្ទង់១៥០០ទៅ២០០០ដុល្លារ។ ដោយឡែក សម្រាប់ការចំណាយធ្វើដំណើរ និងការស្នាក់នៅសណ្ឋាគារ គឺត្រូវបានលោកឧកញ៉ារៀបចំចាត់ចែងឲ្យទាំងអស់ ហេតុនេះហើយបានជានាង មានមោទនភាពខ្លាំងណាស់ ចំពោះការបានទៅច្រៀងកម្មវិធីពិសេសនៅសិង្ហបុរី លើកនេះ។

សូមជម្រាប់ថា អ្នកចម្រៀងតូចច្រឡឹង រតនៈ ពិសី ត្រូវបានរួមដំណើរជាមួយតន្រ្ដីករ លោក ប៊ុន សម្បត្តិ និងគុណ សុទ្ធិស័ក្ក រួមទាំងតារាចម្រៀង គឹម កែវមរកត​, អេម៉ា និងសូលីតា ជាដើម៕