(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានតារាចម្រៀង,តារាសម្ដែង ព្រមទាំងពិធីករ-ពិធីការិនីល្បីៗរបស់កម្ពុជា ប្រមាណជិត២០រូប ត្រូវបានគេធានាឲ្យចេញទៅច្រៀង និងសម្ដេងនៅប្រទេសកូរ៉េ ដើម្បីអបអរនាឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ ហើយក៏ចំពេលដែលប្រទេសកូរ៉េ កំពុងតែធ្លាក់ព្រឹលទឹកកក (រដូវធ្លាក់ព្រិល) ស្ថិតក្នុងអាកាសធាតុត្រជាក់ខ្លាំងផងដែរ។
តារាល្បីៗ ទាំងនោះមានដូចជា លោក ខេម, លោក កែវ វាសនា, លោក នី រតនា, លោក ម៉ៅ ហាជី, លោក ពេជ្រ ថាណា, លោក សៅ ឧត្ដម, លោក ថែល ថៃ, កញ្ញា យូរី, កញ្ញា សួស វីហ្សា, កញ្ញា លីនដា, កញ្ញា សុធារ័ត្ន, លោក BMO, លោក ទ្រី សក្ដា, PeyPeydy, លោក ម៉ាដូណា, កញ្ញា សាឡាត់ ស្រីឡាង, កញ្ញា សុភ័ក្រ កុសុម៉ា និង លោក ថូមី ព្រមទាំងក្រុមការងារជិត១០នាក់ថែមទៀត។ ការធានាឲ្យទៅច្រៀង លក្ខណៈទ្រង់ទ្រាយធំបែបនេះ គឺត្រូវបានធ្វើឡើងពីសំណាក់លោក សុខ សៀងឌី ដែលជាតារាចម្រៀងពលករខ្មែរមួយរូប និង ដៃគូម្នាក់ទៀត គឺលោក សេងគឹមឡែន ដែលជាដៃគូជំនួញដែលតស៊ូពីពលករដូចគ្នា និងកំពុងតែធ្វើការនៅប្រទេសកូរ៉េ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការប្រគំតន្ត្រីគ្រោងធ្វើរហូតដល់ទៅ៦ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅទីតាំង២តំបន់ផ្សេងគ្នា គឺទី១នៅតំបន់មាត់សមុទ្រ ប៊ូសាន នៃទីក្រុង គឺមហេ-ឆាំងវ៉ុន ក្បែរព្រំប្រទល់ប្រទេសជប៉ុន និងទី២ ធ្វើនៅទីក្រុងសេអ៊ូលតំបន់ អាន់សាន់-ស៊ូវ៉ុន ដែលតំបន់ទាំង២នេះ មានពលករខ្មែរប្រមាណជាង២ម៉ឺននាក់រស់នៅ និងធ្វើការងារនៅកន្លែងនោះ។
តាមការបញ្ជាក់ពីម្ចាស់បទ «ខ្មាសមិត្តនៅកូរ៉េ» គឺលោក លោក សុខ សៀងឌី បានថ្លែងឲ្យដឹងថា គោលបំណងនៃការប្រគំតន្រ្តីនេះ ក៏ព្រោះតែមានការសំណូមពរ ពីបងប្អូនពលករខ្មែរនៅប្រទេសកូរ៉េ ដែលធ្វើការយ៉ាងលំបាក បានកម្សាន្តសប្បាយលេង ចង់ជួប Idol របស់ខ្លួន និងមួយវិញទៀតក៏ដើម្បី ផ្សព្វផ្សាយពីក្រុមហ៊ុន «ភូមិឋានសួស្ដី» ដែលជាក្រុមអចលនទ្រព្យរបស់លោកទើបតែបើកកាលពីពេលថ្មីៗនេះ ជាមួយដៃគូផ្សេងទៀត ដែលជាពលករដូចគ្នា។
តាមលោក សេង គឹមឡែន ដែលជាដៃគូ លោក សុខ សៀងឌី បានថ្លែងឲ្យដឹងបន្តថា ដោយសារតែបច្ចុប្បន្នពួកលោក រវល់នឹងការងារនៅប្រទេសកូរ៉េ ដូចនេះកិច្ចការធ្វើកុងត្រាជាមួយតារាចម្រៀងទាំងប៉ុន្មាន ដែលបានរៀបរាប់ខាងលើ លោកបានឲ្យដៃគូ នៅស្រុកខ្មែរជាអ្នកជួយធ្វើកិច្ចការទាំងនេះ ហើយគិតមកដល់ពេលនេះ កុងត្រាបានធ្វើរួចរាល់អស់ហើយ និងកំពុងរត់ការឯកសារដាក់ចូលស្ថានទូត ដើម្បីបានវីសាចេញមក។
ដោយសារតែមានតារាចម្រៀងចូលរួមច្រើន ហើយការប្រគំតន្ត្រីមានរយៈពេលច្រើនថ្ងៃផងនោះ ដូចនេះការចំណាយ និងត្រូវចាយច្រើនដូចគ្នា។ តាមការប៉ាន់ប្រមាណ លោក សុខ សៀងឌី បានវាយតម្លៃថា ប្រហែលជាត្រូវចំណាយខ្ទង់១០ម៉ឺនដុល្លារ ឯណោះ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលលោក សុខ សៀងឌី ជាតារាចម្រៀងពលករខ្មែរម្នាក់ កំពុងល្បីឈ្មោះ សំរាប់បងប្អូនពលករ រួមនិងក្រុមរបស់លោក បានរៀបចំការប្រគំតន្ត្រីនេះឡើង។ ទោះបីជា វាយតម្លៃលើកិច្ចការខាងលើ ត្រូវចំណាយច្រើនម៉ឺនដុល្លារក្ដី តារាចម្រៀងរូបនេះ ហាក់មិនបានបារម្ភឡើយ ប៉ុន្តែលោកបែរជាសម្ដែងភាពសប្បាយចិត្តទៅវិញ ដែលខ្លួនអាចធ្វើបានតាមការសំណូមពរ ពីបងប្អូនពលករខ្មែរនៅទីនោះ។ លោក សុខ សៀងឌី ថ្លែងថា ប្រសិនបើការប្រគំតន្ត្រីរដូវរងានេះទទួលបានជោគជ័យ ក្រុមលោក និងរៀបចំការកម្មវិធីសិល្បៈជាបន្តបន្ទាប់ទៀត ជាពិសេស អាចនិងឈានដល់ ការបង្កើតផលិតកម្មមួយសម្រាប់ពលករខ្មែរ ធ្វើការនៅក្រៅប្រទេសផងដែរ៕